ចក្រភពអង់គ្លេសនឹងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំសន្និសីទនៅឆ្នាំ២០២៣ ដែលផ្តោតលើការជួយអ៊ុយក្រែនឲ្យងើបឡើងវិញពីការខូចខាត ដែលបណ្តាលមកពីការឈ្លានពានរបស់រុស្ស៉ី

(ឡុងដ៏)៖ នៅថ្ងៃចន្ទ ទី៤ ខែកក្កដា ឆ្នាំ២០២២ សារព័ត៌មាន Reuters បានផ្សាយថា ចក្រភពអង់គ្លេសនឹងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំសន្និសីទនៅឆ្នាំ២០២៣ ដែលផ្តោតលើការជួយអ៊ុយក្រែនឲ្យងើបឡើងវិញពីការខូចខាត ដែលបណ្តាលមកពីការឈ្លានពានរបស់រុស្ស៉ី ខណៈដែលពេលនេះប្រទេសនានា កំពុងប្រមូលផ្តុំគ្នានៅឯប្រទេសស្វីស សម្រាប់ការរៀបចំព្រឹត្តិការណ៍នាឆ្នាំ២០២២នេះ។

សន្និសីទស្តីពីការស្តារអ៊ុយក្រែន ក្នុងទីក្រុងលូហ្កាណូ (Lugano) ប្រទេសស្វីស ដោយក្រុមគណៈប្រតិភូអ៊ុយក្រែន រួមជាមួយតំណាងប្រទេសដ៏ទៃទៀត ក៏ដូចជាអង្គការអន្តរជាតិនិងសង្គមស៉ីវិល នឹងពិភាក្សាគ្នាអំពីវិធីសាស្រ្តកសាងអ៊ុយក្រែនឡើងវិញ។

 

លោកស្រី លីស ទ្រូស (Liz Truss) រដ្ឋមន្រ្តីការបរទេសអង់គ្លេស បានបញ្ចាក់ថា​ «យើងបានដឹកនាំកិច្ចគាំទ្រសម្រាប់អ៊ុយក្រែនកំលុងពេលមានសង្រ្គាម ហើយនឹងបន្តដឹកនាំផែនការកសាង និងអភិវឌ្ឍន៍ឡើងវិញរបស់រដ្ឋាភិបាលទីក្រុងកៀវផងដែរ។ ការងើបឡើងវិញពីសង្រ្គាមឈ្លានពានរបស់រុស្ស៉ី នឹងក្លាយជានិមិត្តរូបនៃអំណាចលទ្ធិប្រជាធិបតេយ្យ ហើយបង្ហាញថាការប៉ុនប៉ងរបស់រុស្ស៉ីដើម្បីបំផ្លាញអ៊ុយក្រែន គឺបានត្រឹមតែបង្កើតឱ្យមានប្រជាជាតិមួយ កាន់តែរឹងមាំនិងរីកចម្រើនជាងមុន»