បន្ទាយមានជ័យ៖ ក្នុងឱកាសដែលសម្ដេចអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាមច្ឆជាតិ១កក្កដា ឆ្នាំ២០២២ ដែលប្រារព្ធឡើងនៅទីតាំងអាងទឹក ត្រពាំងថ្ម ភូមិត្រពាំងថ្ម ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានអាខោនតិកតុក(TikTok) ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលបានផ្សព្វផ្សាយបំពុលថា មានករណីស្លាប់ដោយជំងឺកូវីដ-១៩ នៅខេត្តកោះកុង។
សម្តេចតេជោ ហ៊ុន សែន ព្រមានថា «ចេញផ្សាយបំផុលមួយ ចាប់ខ្លួនមួយ ដោយគ្មានការលើកលែងឡើយ ….! នរណាក៏ដោយដែលយកបញ្ហាកូវីដ-១៩មកលេងសើច នឹងត្រូវចាប់ខ្លួន»។
ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានប្រកាសដល់ជនទាំងឡាយ រួមទាំងអង្គការសង្គមស៊ីវិលនានាផងដែរ ដែលរិះគន់ និងចោទប្រកាន់ពីការចាប់ខ្លួនបុរសម្នាក់ ដែលបំផុសព័ត៌មានបំពុលតាមបណ្តាញសង្គមរឿងបញ្ហាកូវីដ-១៩នោះ សូមមកជួបសម្តេច ដោយសម្តេចនឹងពន្យល់ពីករណីនេះ។