លោក Andres Manuel Lopez Obrador​ ប្រធានាធិបតី​ម៉ិ​ក​ស៊ិ​ក​ បាន​និយាយ​ថា រដ្ឋាភិបាល​សហរដ្ឋអាមេរិក​កំពុង​ព្យាយាម​គ្រប់គ្រង​នៅ​តាម​ព្រំដែន​ភាគខាងត្បូង​រប​ស់​ខ្លួន ដោយ​ស្ដីបន្ទោស​ថា​ខ្វះ​ការគ្រប់គ្រង បន្ទាប់ពី​មាន​ជនអន្តោប្រវេសន៍​ជាង ​៥០​នាក់​ស្លាប់ ខណៈ​កំពុង​ត្រូវ​បាន​រត់ពន្ធ​ចូល​ទៅ​ក្នុង​ទឹកដី​សហរដ្ឋអាមេរិក

(ម៉ិ​ក​ស៊ិ​ក)៖ លោក Andres Manuel Lopez Obrador​ ប្រធានាធិបតី​ម៉ិ​ក​ស៊ិ​ក​ បាន​និយាយ​ថា រដ្ឋាភិបាល​សហរដ្ឋអាមេរិក​កំពុង​ព្យាយាម​គ្រប់គ្រង​នៅ​តាម​ព្រំដែន​ភាគខាងត្បូង​រប​ស់​ខ្លួន ដោយ​ស្ដីបន្ទោស​ថា​ខ្វះ​ការគ្រប់គ្រង បន្ទាប់ពី​មាន​ជនអន្តោប្រវេសន៍​ជាង ​៥០​នាក់​ស្លាប់ ខណៈ​កំពុង​ត្រូវ​បាន​រត់ពន្ធ​ចូល​ទៅ​ក្នុង​ទឹកដី​សហរដ្ឋអាមេរិក។

ថ្លែង​អំឡុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃ​អង្គារ មួយថ្ងៃ​បន្ទាប់ពី​ជនអន្តោប្រវេសន៍​រាប់​សិប​នាក់ត្រូវ​បាន​រក​ឃើញ​ស្លាប់ ​នៅ​ក្នុង​រថយន្ត​ដឹកទំនិញ​បិទ​ជិត​មួយ​គ្រឿង​ក្បែរ​ទីក្រុង San Antonio រដ្ឋ ​Texas លោក Obrador និយាយ​ថា ​ការ​ស្លាប់​ទាំងនោះ​គឺជា​សោកនាដកម្ម​ដ៏​ធំ​បំផុត ដោយ​បន្ថែម​ថា ឧបទ្ទវហេតុ​បែបនេះ​កើតឡើង​ដោយសារ​ភាព​ក្រីក្រ ​និង​ការ​អស់សង្ឃឹម ព្រមទាំង​ភាព​ចលាចល​នៅតាម​ព្រំដែន​។

លោក​ប្រធានាធិបតី​និយាយ​ថា ​ឧបទ្ទវ​ហេតុនេះ​កើតឡើង​ដោយសារ​មាន​ចលនា​រត់ពន្ធ​មនុស្ស ​និង​ខ្វះ​ការ​គ្រប់គ្រង ​ជាក់ស្ដែង​ដូចជា​ករណី​នៅ​ព្រំដែន​ម៉ិ​ក​ស៊ិ​ក​-​សហរដ្ឋអាមេរិក​ ប៉ុន្តែ​ក៏​មាន​នៅ​ក្នុង​ទឹកដី​អាមេរិក​ផង​ដែរ​។ ​ក្រុមមន្ត្រី​អនុវត្តន៍​ច្បាប់​អាមេរិក​បាន​ប្រាប់​សារព័ត៌មាន CBS ថា ឧបទ្ទវ​ហេតុនេះ​ទំនងជា​ករណី​រត់ពន្ធ​មនុស្ស​ដ៏​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​សម័យ​ទំនើប​របស់​អាមេរិក បន្ទាប់ពី​ក្រុម​អាជ្ញាធរ​ក្នុង​តំបន់​នៅ​រដ្ឋ Texas បាន​បង្កើន​តួលេខ​ចំនួន​អ្នក​ស្លាប់​ដល់​ ៥១​នាក់​កាលពី​រសៀល​ថ្ងៃ​អង្គារ​។

គេ​មិន​ច្បាស់​ទេ​ថា តើ​ក្រុម​ជនរងគ្រោះ​ទាំងនោះ​នៅ​ក្នុង​រថយន្ត​នោះ​យូរ​ប៉ុណ្ណា តែ​នគរបាល​និយាយ​ថា ពុំ​មាន​ឃើញ​ទឹក ឬ​បើក​ម៉ាស៊ីនត្រជាក់​នៅ​ក្នុង​រថ​យន្ត​នោះ​ទេ ទោះបីជា​សីតុណ្ហភាព​រដូវ​ក្ដៅ​ឡើង​ខ្ពស់​ក៏ដោយ​។ ទោះជា​ជនរងគ្រោះ​ទាំង​អស់​នោះ​នៅ​មិនទាន់​អាច​បញ្ជាក់​អត្តសញ្ញាណ​បាន តែ​បុរស​ចំនួន ​៣៩​នាក់ និង​ស្ត្រី​ ១២​នាក់​ស្ថិត​ក្នុងចំណោម​អ្នកស្លាប់​ទាំងនោះ រួមទាំង​ជនអន្តោប្រវេសន៍​មកពី​ម៉ិ​ក​ស៊ិ​ក ហុង​ឌូ​រ៉ា​ស់ និង​ហ្គា​តេ​ម៉ា​ឡា៕