(តូក្យូ)៖ទីភ្នាក់ងារសារព័ត៌មាន TASS បានផ្សព្វផ្សាយនៅថ្ងៃចន្ទ ទី២៧ ខែមិថុនា ឆ្នាំ២០២២ លោក ហ៊ូមីអុ គីស៉ីដា (Fumio Kishida) នាយករដ្ឋមន្ត្រីជប៉ុន បានប្រាប់ឱ្យដឹងថា ក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿន ទាំង៧ ហៅកាត់ថា G7 នឹងដាក់ទណ្ឌកម្មបន្ថែមប្រឆាំងជនជាតិរុស្ស៉ីចំនួន ៧០នាក់ ព្រមទាំងហាមឃាត់ការនាំចេញទំនិញទៅកាន់ប្រទេសរុស្ស៉ី ជាការឆ្លើយតបទៅនឹងសង្គ្រាមរបស់លោក ពូទីន នៅអ៊ុយក្រែន។
ទូរទស្សន៍ជប៉ុន NHK បានរាយការណ៍ថា ជប៉ុនមានបំណងបង្កកទ្រព្យសម្បត្តិរបស់ជនជាតិរុស្ស៉ីចំនួន ៧០នាក់បន្ថែមទៀតជុំវិញស្ថានការណ៍សង្គ្រាម នៅប្រទេសអ៊ុយក្រែន និងដាក់ទណ្ឌកម្មបន្ថែមលើក្រុមហ៊ុនរុស្ស៉ីចំនួន ៩០ផ្សេងទៀត ដែលទីក្រុងតូក្យូគិតថាមានទំនាក់ទំនងជាមួយ ឧស្សាហកម្មការពារជាតិរុស្ស៉ី។ លើសពីទៅទៀតនេះ កញ្ចប់ទណ្ឌកម្មថ្មីខាងលើ ក៏នឹងហាមឃាត់សេវាកម្មគណនេយ្យ និងសេវាកម្មផ្ដល់ទំនុកចិត្តដល់ រុស្ស៉ី និងការនាំចូលមាសពីរុស្ស៉ីផងដែរ៕