(តៃវ៉ាន់)៖ កាលពីយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ រដ្ឋាភិបាលកោះតៃវ៉ាន់ បានប្រកាសថា កោះតៃវ៉ាន់នឹងបរិច្ចាគប្រាក់ចំនួន ១លានដុល្លារដល់ប្រទេសអាហ្វហ្កានីស្ថាន ដែលរងគ្រោះដោយសារគ្រោះរញ្ជួយដី រដ្ឋាភិបាលកោះតៃវ៉ាន់ បានបន្តថា នេះជាការឆ្លើយតបទៅនឹងការអំពាវនាវរបស់អង្គការសហប្រជាជាតិ និងបណ្ដាប្រទេសដទៃទៀតសម្រាប់ជំនួយមនុស្សធម៌។
ប្រធានាធិបតីកោះតៃវ៉ាន់ បានបញ្ចាក់ថា «ដោយផ្អែកលើស្មារតីនៃការព្រួយបារម្ភពីមនុស្សធម៌សម្រាប់ ការជួយសង្គ្រោះគ្រោះមហន្តរាយដោយមិនគិតពីព្រំដែនជាតិ ក៏ដូចជាការឆ្លើយតបទៅនឹងការអំពាវនាវមនុស្សធម៌របស់អង្គការសហប្រជាជាតិ និងបណ្ដាប្រទេសផ្សេងទៀត ផងដែរ»។
សូមរំលឹកថា កាលពីវេលាថ្ងៃពុធសប្តាហ៍នេះ គ្រោះរញ្ជួយដីកម្រិត ៦.១ រ៉ិចទ័រ បានវាយប្រហារលើតំបន់ភាគខាងកើតប្រទេសអាហ្វហ្កានីស្ថាន ចម្ងាយប្រមាណជា ១៦០គីឡូម៉ែត្រ ពីភាគអាគ្នេយ៍រដ្ឋធានីកាប៊ុល និងក្បែរព្រំដែនជាមួយប្រទេសប៉ាគីស្ថាន ដោយបានសម្លាប់មនុស្សយ៉ាងហោច ១,០០០នាក់ និងបង្កឱ្យរបួសជាង ១,៥០០នាក់៕