មានជនសង្ស័យ៥៥នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ម្សិលមិញនេះ

(ភ្នំពេញ)៖ បើតាមការបញ្ជាក់របស់ លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានប្រាប់ឱ្យដឹងនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២នេះថា មានជនសង្ស័យ៥៥នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ម្សិលមិញនេះ។ លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបន្តថា ក្នុងចំណោមជនសង្ស័យទាំង៥៥នាក់នោះ មាន ១៨នាក់ ត្រូវបានឃាត់ខ្លួននៅក្នុងបទល្មើសព្រហ្មទណ្ឌ១៤ករណី និងជនសង្ស័យ ៣៧នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសគ្រឿងញៀន១៩ករណី។

លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់អនុវត្តនូវពាក្យស្លោក «៣កុំ ១រាយការណ៍» ដែលមានន័យថា «កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយការណ៍ពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត» ដែលកើតមាននៅមូលដ្ឋានរបស់ខ្លួន ជូនដល់សមត្ថកិច្ច៕