លោក វ៉ី ហ្វេងហ៉ី (Wei Fenghe)រដ្ឋមន្រ្តីការពារជាតិចិន នៅថ្ងៃអាទិត្យនេះ បាននិយាយថា ចិននឹងប្រយុទ្ធតតាំងឱ្យដល់ទីបញ្ចប់ ដើម្បីរារាំងតៃវ៉ាន់ មិនឱ្យប្រកាសឯករាជ្យ

(សិង្ហបុរី)៖ លោក វ៉ី ហ្វេងហ៉ី (Wei Fenghe)រដ្ឋមន្រ្តីការពារជាតិចិន នៅថ្ងៃអាទិត្យនេះ បាននិយាយថា ចិននឹងប្រយុទ្ធតតាំងឱ្យដល់ទីបញ្ចប់ ដើម្បីរារាំងតៃវ៉ាន់ មិនឱ្យប្រកាសឯករាជ្យ បន្ទាប់ពីលោកបានប្រាប់អាមេរិកថា ទីក្រុងប៉េកាំងមិនស្ទាក់ស្ទើរបន្តិចឡើយ ក្នុងការធ្វើសង្រ្គាមដើម្បីដែនកោះនេះ។

រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក ឡយ អូស្ទីន (Lloyd Austin) កាលពីថ្ងៃសៅរ៍ម្សិលមិញ បានចោទទីក្រុងប៉េកាំងថាកំពុងបង្កអស្ថិរភាព តាមរយៈសកម្មភាពយោធា នៅក្បែរកោះតៃវ៉ាន់។ ដោយឡែកនៅថ្ងៃអាទិត្យនេះ កំលុងព្រឹត្តិការណ៍ដដែល លោក Wei បានវាយបកតបតទៅវិញ ដោយលើកឡើងថា ទីក្រុងប៉េកាំងមិនមានជម្រើសអ្វីក្រៅពីតស៊ូប្រយុទ្ធនោះឡើយ ប្រសិនបើមានការប៉ុនប៉ងបំបែកតៃវ៉ាន់ចេញពីចិន។ ចិនបានចាត់ទុកថា តៃវ៉ាន់គឺជាខេត្តមួយប៉ុណ្ណោះរបស់ខ្លួន ដែលរងចាំការមករួបរួមគ្នាវិញប៉ុណ្ណោះ។

លោក វ៉ី ហ្វេងហ៉ី (Wei Fenghe)រដ្ឋមន្រ្តីការពារជាតិចិន បានបញ្ចាក់ថា «យើងនឹងប្រយុទ្ធ ទោះត្រូវលះបង់តម្លៃប៉ុនណាក៏ដោយ ហើយយើងនឹងប្រយុទ្ធឱ្យដល់ទីបញ្ចប់។ គ្រប់គ្នាមិនគួរមើលស្រាលចំពោះ ការប្តេជ្ញាចិត្តនិងសមត្ថភាពរបស់កងកម្លាំងប្រដាប់អាវុធចិនដាច់ខាត ក្នុងការរក្សាការពារបូរណភាពទឹកដីរបស់ខ្លួន។ ចំណែកជនដែលចង់ទាមទារឯករាជ្យឱ្យតៃវ៉ាន់ ក្នុងគោលបំណងបំបែកប្រទេសចិននោះ ច្បាស់ជាមិនអាចជួបជោគវាសនាល្អឡើយ»