ចិន៖ កាលពីថ្ងៃអង្គារ ម្សិលមិញ ចិនបានថ្កោលទោសសេចក្ដីថ្លែងការណ៍រួមមួយ ដែលបានចេញដោយក្រុមមេដឹកនាំជប៉ុន សហរដ្ឋអាមេរិក អូស្ត្រាលី និងឥណ្ឌា ក្រោយកិច្ចប្រជុំនៅក្នុងទីក្រុងតូក្យូប្រទេសជប៉ុន។ ក្រុមប្រទេសដែលគេស្គាល់ថាជាក្រុមចតុភាគីប្រទេស ឬ (Quad) បានប្រឆាំងដាច់ខាតចំពោះ “សកម្មភាពបង្ខិតបង្ខំបង្កហេតុ ឬឯកតោភាគីណាមួយដែលព្យាយាមផ្លាស់ប្តូរស្ថានភាពជាក់ស្ដែង និងបង្កើនភាពតានតឹងនៅក្នុងតំបន់”។
លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន បានឱ្យដឹងកាលពីថ្ងៃអង្គារថា ទីក្រុងប៉េកាំងអំពាវនាវដល់បណ្ដាប្រទេសពាក់ព័ន្ធកុំគំរាមកំហែងដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើតសណ្ដាប់ធ្នាប់ដែនសមុទ្រប្រកបដោយសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការ ដោយបញ្ចេញការរិះគន់ដោយគ្មានមូលដ្ឋាន និងញុះញង់ឲ្យមានការប្រឈមមុខដាក់គ្នាដោយការបង្កើតជាក្រុមតូចៗ។
លោក Wang បានបញ្ចាក់ថា ប្រទេសចិនមិនពេញចិត្តជាខ្លាំង និងការប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះបណ្តាប្រទេសទាំងឡាយដែលក្លែងបន្លំបញ្ហាជាប់ទាក់ទងនឹងប្រទេសចិន ការបង្ខូចឈ្មោះ និងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិនដោយខ្វះការពិចារណា ៕