រុស្ស៊ី៖ កាលពីថ្ងៃអង្គារម្សិលមិញ លោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី បាននិយាយថា វិស័យប្រេងកំពុងឆ្លងកាត់ដំណាក់កាលផ្លាស់ប្ដូរយ៉ាងខ្លាំង ប៉ុន្តែបានអះអាងថា អឺរ៉ុបនឹងធ្វើ “អត្តឃាតសេដ្ឋកិច្ច” ដោយសារតែការដាក់ទណ្ឌកម្មរបស់ខ្លួនលើទីក្រុង Moscow ព្រោះសង្គ្រាមនៅអ៊ុយក្រែន។
លោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី បានបន្តថា តាមរយៈការស្វែងរកការបញ្ឈប់ការផ្គត់ផ្គង់ថាមពលរបស់រុស្ស៊ី អឺរ៉ុបនឹងធ្វើឲ្យខ្លួនឯងឈឺចាប់ដោយការជំរុញឲ្យក្រុមមន្ត្រីពីរដ្ឋនានាប្រើ “គំនិតគ្មានការពិចារណា” របស់លោកខាងលិចដើម្បីផលប្រយោជន៍របស់ប្រទេសខ្លួនឯង។ លោក Putin បានបញ្ចាក់ថា “សកម្មភាពវឹកវរ” របស់អឺរ៉ុបមិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងនាំទៅរកការកើនឡើងនៃប្រាក់ចំណូលពីប្រេង និងឧស្ម័នរបស់រុស្ស៊ីទៅវិញទេ៕