(ស្វាយរៀង)៖ នាយឧត្តមសេនីយ៍ សៅ សុខា សមាជិកគណៈកម្មាធិការកណ្តាល ជាអនុប្រធានក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយខេត្តស្វាយរៀង និងជាប្រធានក្រុមការងារចុះជួយស្រុករមាសហែក នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ ខែឧសភា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធឆ្លងសមិទ្ធផលនានា នៅក្នុងវត្តកំពង់ត្រាច ស្ថិតនៅភូមិតាត្រាវ ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង។
សូមជម្រាបថា អភិបាលស្រុករមាសហែក បានប្រាប់ឲ្យដឹងថា ព្រះវិហារវត្តកំពង់ត្រាច កសាងពីឆ្នាំ១៩៥៣ ដល់ឆ្នាំ២០១៥ មានរយៈ៦២ឆ្នាំ តែដោយមានសភាពទ្រុឌទ្រោមខ្លាំង ត្រូវបានឯកភាពរុះរើនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៥ ដើម្បីចាប់កសាងព្រះវិហារថ្មី ដោយមានការដឹកនាំកសាងពីព្រះគ្រូសិរីធមៈ សៅ សាន គង់នៅវត្តមុនីសុវណ្ណ (ហៅវត្តចំពុះក្អែក) សពលោក ហ៊ឹម ឆែម អតីតទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និងលោកស្រី, នាយឧត្តមសេនីយ៍ សៅ សុខា និងលោកស្រី, លោក លី វាសនា ស្នងរូបព្រះរហ៊ូអសុរិន្ទ នៅភ្នំពេញ ព្រមទាំងព្រះសង្ឃ អាចារ្យ គណៈកម្មការវត្ត និងពុទ្ធបរិស័ទចំណុះជើងវត្តជិតឆ្ងាយទាំងអស់ ។ ក្នុងការកសាងព្រះវិហារថ្មីនេះ សម្រេចបាន១០០ភាគរយ នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែមករា ឆ្នាំ២០២១ ដែលព្រះវិហារមានទំហំបណ្តោយ ៤៤ម៉ែត្រ ទទឹង ២៣ម៉ែត្រ កម្ពស់៣៦ម៉ែត្រ ហើយចំពោះថវិកាកសាងព្រះវិហារនេះ បានចំណាយអស់ ៦២៨,៣៣២.៤ ដុល្លារ៕