(ប៉េកាំង)៖ បើតាមការផ្សាយរបស់សារព័ត៌មានរុស្ស៉ី RT នៅថ្ងៃសុក្រ ទី២៩ ខែមេសា ឆ្នាំ២០២២ ទីក្រុងប៉េកាំង បានថ្កោលទោសសេចក្តីថ្លែងការណ៍របស់ទីក្រុងឡុងដ៍ និងទីក្រុងវ៉ាស៊ីនតោន លើការយល់ព្រមបំពាក់អាវុធដល់តៃវ៉ាន់ និងបានធ្វើកិច្ចពិភាក្សា ដែលជម្រុញឲ្យមាន ការបំបែកខ្លួននៅលើដែនកោះនេះ ដែលវាបានផ្ទុយនឹងគោលជំហររបស់ចិន។
ការថ្កោលទោសរបស់ទីក្រុងប៉េកាំង បន្ទាប់ពីរដ្ឋមន្រ្តីការបរទេសអង់គ្លេស លោកស្រី លី ត្រាស់ (Liz Truss) និងរដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់តូនី ប្លីនខិន (Antony Blinken) បានចេញមុខគាំទ្រការបញ្ជូនអាវុធ ទៅឲ្យកោះតៃវ៉ាន់ ក្នុងសប្តាហ៍នេះ។
ក្រសួងការបរទេសចិន បានថ្លែងថា , «យើងសូមបដិសេធ និងច្រានចោលការអត្ថាធិប្បាយ របស់លោក Blinken ដែលប្តេជ្ញាធ្វើឲ្យប្រាកដថា តៃវ៉ាន់មានមធ្យោបាយការពារខ្លួន ប្រឆាំងនឹងការឈ្លានពានណាមួយ ស្របពេលជាមួយគ្នាដែល សុន្ទរកថារបស់លោកស្រី Truss បានបង្ហាញពីឆន្ទៈរបស់ទីក្រុងឡុងដ៍ ក្នុងការគាំទ្រគោលនយោបាយ របស់ទីក្រុងវ៉ាស៊ីនតោន»៕