លោក ចូ បៃដិន ជឿជាក់ថាក្នុងរយៈពេល ៤សប្ដាហ៍ខាងមុខ នឹងកំណត់ជោគជ័យនៃសង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន

(វ៉ាស៊ីនតោន)៖  លោក ចូ បៃដិន ជឿជាក់ថាក្នុងរយៈពេល ៤សប្ដាហ៍ខាងមុខ នឹងកំណត់ជោគជ័យនៃសង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន ព្រមទាំងផែនទីអឺរ៉ុប ក្នុងរយៈពេលជាច្រើនទសវត្សរ៍ខាងមុខ។នេះបើតាមការផ្សាយរបស់សារព័ត៌មាន New York Times នៅថ្ងៃសុក្រ ទី២២ ខែមេសា ឆ្នាំ២០២២។

ក្រុមមន្ត្រីអាមេរិកជាន់ខ្ពស់ បាននិយាយថា នេះជាពេលដ៏សំខាន់ដែលត្រូវប្រញាប់បញ្ជូនអាវុធបន្ថែមដល់អ៊ុយក្រែន ឱ្យបានកាន់តែ ច្រើនតាមដែលអាចធ្វើទៅបាន ជាពិសេសគឺប្រភេទអាវុធធុនធ្ងន់ ដូចជាកាំភ្លើងបាញ់រយៈចម្ងាយឆ្ងាយ និងប្រព័ន្ធរ៉ាដាប្រឆាំងកាំភ្លើងធំ។

លោក បៃដិន ក៏បានសង្កត់ធ្ងន់ដែរថាជំនួយយោធារបស់អាមេរិក គឺជាសារមួយបញ្ជូនទៅកាន់ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ឱ្យដឹងថា រុស្ស៉ីនឹងមិនអាចទទួលជោគជ័យក្នុងការគ្រប់គ្រងអ៊ុយក្រែនទាំងមូលឡើយ៕