ក្រសួងការបរទេសអាមេរិកបានអនុម័តក្នុងការលក់បរិក្ខារយោធាទំនើបៗ ទៅឲ្យកោះតៃវ៉ាន់ រួមទាំងផ្តល់ការបណ្តុះបណ្តាល ក្នុងការប្រើប្រាស់ប្រព័ន្ធខែលការពារមីស៊ីល Patriot នៅក្រោមកិច្ចព្រមព្រៀងមួយមានទំហំ ទឹកប្រាក់៩៥លានដុល្លារ

(វ៉ាស៊ីនតោន)៖ បើយោងតាមការផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៦ ខែមេសា ឆ្នាំ២០២២នេះ ក្រសួងការបរទេសអាមេរិកបានអនុម័តក្នុងការលក់បរិក្ខារយោធាទំនើបៗ ទៅឲ្យកោះតៃវ៉ាន់ រួមទាំងផ្តល់ការបណ្តុះបណ្តាល ក្នុងការប្រើប្រាស់ប្រព័ន្ធខែលការពារមីស៊ីល Patriot នៅក្រោមកិច្ចព្រមព្រៀងមួយមានទំហំ ទឹកប្រាក់៩៥លានដុល្លារ។

មន្ទីរបញ្ចកោណ បានបញ្ជាក់ថា «ការយល់ព្រមលក់បរិក្ខារយោធាតបតាមសំណើរបស់កោះតៃវ៉ាន់ នាពេលនេះ គឺដើម្បីបម្រើផលប្រយោជន៍សេដ្ឋកិច្ច និងសន្តិសុខរបស់សហរដ្ឋអាមេរិក រួមទាំងផលប្រយោជន៍សន្តិសុខតាមរយៈការគាំទ្រដល់ កិច្ចខិតខំប្រឹងប្រែងជួយតៃវ៉ាន់ ធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធរបស់ខ្លួនឲ្យរក្សាបាននូវសមត្ថភាពការពារដែលអាចទុកចិត្តបាន»។ ជុំវិញអនុម័តការលក់អាវុធខាងលើនេះដែរ ការិយាល័យប្រធានាធិបតីតៃវ៉ាន់ បានកត់សម្គាល់ថា «នេះជាការលក់អាវុធលើកទីបីដែល ត្រូវបានប្រកាសចាប់តាំងពីប្រធានាធិបតីចូ បៃដិន ឡើងកាន់តំណែង ហើយសកម្មភាពនេះបានបង្ហាញពីលក្ខណៈរឹងមាំនៃទំនាក់ទំនងរវាង តៃវ៉ាន់-អាមេរិកផងដែរ៕