លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន បាននិយាយប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា កងទ័ពរុស្ស៊ីថាបានប្រព្រឹត្តបទឧក្រិដ្ឋសង្រ្គាមដ៏អាក្រក់

(UN)៖  លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន បាននិយាយប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា កងទ័ពរុស្ស៊ីថាបានប្រព្រឹត្តបទឧក្រិដ្ឋសង្រ្គាមដ៏អាក្រក់ ចាប់តាំងពីសង្រ្គាមលោកលើកទី២ បិទបញ្ចប់មក។ បើតាមការផ្សាយរបស់ព័ត៌មាន Reuters នៅថ្ងៃពុធ ទី៦ ខែមេសា ឆ្នាំ២០២២នេះ។

លោក ហ្សេលេនស្គី បានបញ្ចេញវីដេអូខ្លីមួយ ដោយបង្ហាញពីសាកសពដែលត្រូវបានភ្លើងឆេះ, ប្រឡាក់ដោយឈាម និងដាច់ជាបំណែកៗ ក្នុងនោះរួមមានទាំងកុមារ នៅក្នុងទីក្រុង អៀពីន (Irpin), ឌីមឺកា (Dymerka), ម៉ារីយូប៉ូល (Mariupol) និងទីក្រុងប៊ូចា (Bucha) ជាទីដែលអ៊ុយក្រែនចោទថាកងទ័ពរុស្ស៊ីបានសម្លាប់រង្គាល ជនស៊ីវិលជាច្រើននាក់។

លោក វ៉ាស់ស៊ីលី នេបិនហ្ស៊ីយ៉ា (Vassily Nebenzia) អគ្គរដ្ឋទូតរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ បានប្រាប់ក្រុមប្រឹក្សាសន្តិសុខ UN វិញ ថាកងទ័ពរុស្ស៉ី មិនបានវាយប្រហារដោយមានគោលដៅលើជនស៊ីវិលនោះទេ លោកបាន ច្រានចោលការចោទប្រកាន់ទាំងឡាយពីលោកខាងលិច និងអ៊ុយក្រែន ដោយចាត់ទុកថាជាព័ត៌មានមិនពិត និងបោកប្រាស់។

លោក ហ្សេលេនស្គី ក៏បានបរិហាររិះគន់ផងដែរភាពអសកម្មរបស់ក្រុមប្រឹក្សាសន្តិសុខ UN ដែលមិនបានចាត់វិធានការសកម្មភាពណាមួយប្រឆាំងនឹងរុស្ស៊ីឡើយ ចាប់តាំងពីសង្រ្គាមផ្ទុះឡើង លោក ហ្សេលេនស្គី បានបញ្ជាក់ដូច្នេះថា «UN គួរតែបិទទ្វារ។ តើអ្នកទាំងអស់គ្នាត្រៀមខ្លួនបិទ UN រួចហើយឬនៅ? ប្រសិនបើជា ចម្លើយគឺ ទេ នោះអ្នកទាំងអស់គ្នាត្រូវតែធ្វើសកម្មភាពជាបន្ទាន់»