សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំឲ្យឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀបចំបង្កើនថវិកា សម្រាប់អ្នកមានប្រាក់បៀវត្សរ៍ទាប ជាពិសេសអតីតយុទ្ធជន

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២នេះ បានណែនាំឲ្យឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀបចំបង្កើនថវិកា សម្រាប់អ្នកមានប្រាក់បៀវត្សរ៍ទាប ជាពិសេសអតីតយុទ្ធជន។ សម្ដេច បានគូសបញ្ជាក់ថា អតីតយុទ្ធជន និងមន្ត្រីរាជការស៊ីវិល ដែលចូលនិវត្តន៍មុន រយៈពេល២ឆ្នាំកន្លងទៅ គប្បីត្រូវយកចិត្តទុកដាក់លើកទឹកចិត្ត ជំរុញការដំឡើងបៀវត្សរ៍អ្នកទាំងនោះ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «សូមឲ្យឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ដឹកនាំការងារនេះ ពិនិត្យនិងដោះស្រាយ ដោយរៀបចំបង្កើនថវិកា ខ្ញុំគិតថាវាមិនចាំបាច់ធ្វើការកែតម្រូវថវិកាជាតិ សម្រាប់អ្នកទាំងនោះទេ ព្រោះថាចំនួននេះក៏មិនច្រើនពេកដែរ»

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងដែលថា ២ឆ្នាំកន្លងទៅនេះ មិនបានដំឡើងបៀវត្សរ៍ឲ្យមន្ត្រីរាជការទេ ដោយសារមានតម្រូវការ ទប់ទល់កូវីដ-១៩៕