សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា «មិត្តរុស្ស៉ី» នឹងយល់អំពីមូលហេតុដែលកម្ពុជា បោះឆ្នោតប្រឆាំងចំពោះការឈ្លានពានរបស់រុស្ស៉ី ទៅលើប្រទេសអ៊ុយក្រែន ដែលមិនអាចនៅជាអព្យាក្រឹត្យបាន

(ភ្នំពេញ)៖ ថ្លែងក្នុងពិធីសម្ពោធដាក់ដំណើរការជាផ្លូវការនូវអគារជំងឺត្រចៀក ច្រមុះ បំពង់ក មិត្តភាពកម្ពុជា-កូរ៉េ នៅមន្ទីរពេទ្យព្រះអង្គឌួង នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា «មិត្តរុស្ស៉ី» នឹងយល់អំពីមូលហេតុដែលកម្ពុជា បោះឆ្នោតប្រឆាំងចំពោះការឈ្លានពានរបស់រុស្ស៉ី ទៅលើប្រទេសអ៊ុយក្រែន ដែលមិនអាចនៅជាអព្យាក្រឹត្យបាន។

សម្តេចបានថ្លែងយ៉ាងដូច្នេះថា៖ «មិត្តរុស្ស៉ីរបស់យើង នឹងយល់អំពីយើងថា អ្វីហេតុអីបានជាកម្ពុជាប្រឆាំង ព្រោះកម្ពុជាធ្លាប់ត្រូវគេឈ្លានពាន ដូច្នេះកម្ពុជាត្រូវតែថ្កោលទោស ការឈ្លានពានគេ»

សម្តេចបានពន្យល់ថា ចំពោះរឿងខ្លះកម្ពុជាត្រូវតែអព្យាក្រឹត្យដែរ ព្រោះវាជាជម្លោះធម្មតា ដែលក្នុងនោះមានបញ្ហារវាងឥណ្ឌា និងប៉ាគីស្ថាន នៅតំបន់កាស្មៀ បញ្ហាព្រំដែនឥណ្ឌា-ចិន បញ្ហាអ៉ីស្រាអែល-ប៉ាឡេស៊ីស្ទីនជាដើម។ ប៉ុន្តែចំពោះករណីរុស្ស៉ី-អ៊ុយក្រែន ជាករណីឈ្លានពាន។

សម្តេចបានបន្តថា «យើងជាប្រទេសដែលធ្លាប់គេបំពានលើឯករាជ្យ អធិបតេយ្យភាព យើងជាប្រទេសដែលធ្លាប់គេឈ្លានពាន យើងក៏នឹកដល់ប្រទេសដែលត្រូវគេឈ្លានពាន ប៉ុន្តែខ្ញុំនៅតែនិយាយដដែល យើងមិនអនុញ្ញាតឱ្យពលរដ្ឋកម្ពុជាណាមួយ ទៅធ្វើទាហានស្ម័គ្រចិននៅប្រទេសអ៊ុយក្រែន ដូចប្រទេសមួយចំនួន គឺអត់ទេ»។ យើងនៅឆ្ងាយតែយើងបានបង្ហាញសាមានចិត្តរបស់យើងជាមួយប្រជាជនអ៊ុយក្រែន។ សម្តេចសង្ឃឹមថា គោលជំហររបស់យើង នឹងទទួលយកបានដោយពលរដ្ឋកម្ពុជា៕