ឥណ្ឌាបានប្រាប់ឱ្យដឹងថា ទំនាក់ទំនងឥណ្ឌានិងចិន មិនទាន់អាចវិលទៅរកសភាពធម្មតាបានទេ លុះត្រា កងទ័ពរបស់ប្រទេសទាំងពីរ ត្រូវដកចេញពីតំបន់ព្រំដែនជម្លោះ

(ញូដេលី)៖ បើយោងតាមការផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៦ ខែមីនា ឆ្នាំ២០២២នេះ ឥណ្ឌាបានប្រាប់ឱ្យដឹងថា ទំនាក់ទំនងឥណ្ឌានិងចិន មិនទាន់អាចវិលទៅរកសភាពធម្មតាបានទេ លុះត្រា កងទ័ពរបស់ប្រទេសទាំងពីរ ត្រូវដកចេញពីតំបន់ព្រំដែនជម្លោះ ។

លោក វ៉ាង យី (Wang Yi) រដ្ឋមន្រ្តីការបរទេសចិន បាននិយាយថា «ចិននិងឥណ្ឌាគួរតែធ្វើការរួមគ្នា ដើម្បីលើកកម្ពស់សន្តិភាពនិងស្ថិរភាពនៅជុំវិញពិភពលោក ហើយភាគីទាំងពីរគួរតែដាក់ ភាពខ្វែងគំនិតគ្នាជុំវិញបញ្ហាព្រំដែន នៅលើជំហរសមស្របមួយ ព្រមទាំងប្រកាន់ខ្ជាប់នូវទិសដៅអភិវឌ្ឍន៍ដ៏ត្រឹមត្រូវ សម្រាប់ទំនាក់ទំនងទ្វេភាគី»

រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក ស៊ូប្រាម៉ានីយ៉ាម ចាសានកា (Subrahmanyam Jaishankar) បានឆ្លើយតបទៅក្រុងប៉េកាំង បន្ទាប់ពីជំនួបរយៈពេល៣ម៉ោងជាមួយលោក Wang ថា «ខ្ញុំបាននិយាយដោយត្រង់ៗ ជាមួយលោករដ្ឋមន្ត្រីការបរទេសចិន ជាពិសេសក្នុងការបង្ហាញពីទស្សនៈនៃប្រទេសរបស់យើង។ ប៉ុន្តែការប៉ះទង្គិចនិងភាពតានតឹង ដែលកើតចេញពីការដាក់ពង្រាយកងទ័ពរបស់ចិនចាប់តាំងពីខែមេសា ឆ្នាំ២០២០ មិនអាចទាន់ត្រូវផ្សះផ្សាបាន តាមរយៈការស្តារទំនាក់ ទំនងរវាងប្រទេសជិតខាងទាំងពីរឡើយ»

សូមជម្រាបថា ប្រទេសចិននិងឥណ្ឌា បានដាក់ពង្រាយទ័ពជាច្រើនពាន់នាក់ នៅតាមព្រំដែន​ ចាប់តាំងពីមានការប៉ះទង្គិចគ្នា ដែលបានសម្លាប់ទាហានឥណ្ឌា២០នាក់ និងចិន៤នាក់ នៅតំបន់ឡាដាក (Ladakh) នៃតំបន់ជួរភ្នំហិម៉ាល័យ កាលពីខែមិថុនា ឆ្នាំ២០២០៕