សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឲ្យឯកឧត្តម ណូហ្គើជិ យ៉ាសឺសិ មេបញ្ជាការកងនាវាបោសសំអាតមីនទី១ របស់ប្រទេសជប៉ុន ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឲ្យឯកឧត្តម ណូហ្គើជិ យ៉ាសឺសិ មេបញ្ជាការកងនាវាបោសសំអាតមីនទី១ របស់ប្រទេសជប៉ុន ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ ។

ឯកឧត្តម ណូហ្គើជិ យ៉ាសឺសិ មេបញ្ជាការកងនាវាបោសសំអាតមីនទី១ នៃប្រទេសជប៉ុន មានប្រសាសន៍សំដែងនូវការអបអរសាទរ ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលត្រូវបានធ្វើជាប្រធានអាស៊ាន ហើយក៏សូមសំដែងអំណរសាទរផងដែរចំពោះខួប ៣០ឆ្នាំ P K O។ ជាមួយគ្នានោះដែរ ឯកឧត្តម ណូហ្គើជិ យ៉ាសឺសិ បានសម្ដែងនូវអំណរគុណជូនចំពោះសម្តេចតេជោ ដែលបានផ្ដល់នូវកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយជប៉ុន ជាពិសេសតាមរយៈឯកឧត្តម ហ៊ុន ម៉ាណែត ដែលបានបំពេញបេសកម្មនៅប្រទេសជប៉ុនកន្លងមក ។

ឯកឧត្តមណូហ្គើជិ យ៉ាសឺសិ ក៏បានគោរពប្ដេជ្ញាជូនសម្ដេចតេជោថា ឯកឧត្តម នឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីធ្វើយ៉ាងណារក្សានូវសន្តិភាព និងសន្តិសុខក្នុងតំបន់។

ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានធ្វើការស្វាគមន៍ និងបានសំដែងនូវក្ដីរីករាយ ដែលនាវាជប៉ុន បានចូលចតនៅកម្ពុជា ហើយការចូលចតនេះ គឺចំខួប ៣០ឆ្នាំ របស់ P K O ហើយអ្វីដែលសំខាន់ជាងនេះទៅទៀត គឺការចូលចតនេះ គឺបានបង្ហាញឲ្យឃើញ នូវភាពជោគជ័យ នៃប្រតិបត្តិការ P K O កាលពីរយៈពេល ៣០ឆ្នាំកន្លងទៅ ។

សម្តេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា សម្ដេចពិតជាមានមោទនភាពណាស់ ចំពោះកិច្ចប្រតិបត្តិការរបស់ P K O ហើយសម្ដេចបានលើកទឹកចិត្តសូមឲ្យបន្តកិច្ចសហប្រតិបត្តិការ ធ្វើយ៉ាងណាជំរុញតំបន់ឱ្យមានសន្តិសុខ និងសុវត្ថិភាពនិងគោរពច្បាប់ឲ្យបានត្រឹមត្រូវ ។ បន្ទាប់មកសម្តេចតេជោនាយករដ្ខមន្រ្តី បានប្រារព្វពិធីទទួលទានអាហារសាមគ្គីជាមួយ ឯកឧត្តម អស់លោក ជានាយនាវី ពលនាវី នៃកងកម្លាំងស្វ័យការពារប្រទេសជប៉ុន ដែលមានវត្តមានអញ្ជើញបំពេញទស្សនកិច្ចការងារ នៅខេត្តព្រះសីហនុ ព្រះរាជាណាចក្រកម្ពុជា ក្នុងបរិយាកាសស្និទ្ធស្នាលរ៉ាក់ទាក់បំផុត៕

 

 

Leave a Reply

Your email address will not be published. Required fields are marked *