(ភ្នំពេញ)៖ នាវាការពារជើងទឹករបស់ជប៉ុនចំនួន២គ្រឿង ចូលចតនៅកំពង់ផែពហុបំណងក្នុងខេត្តព្រះសីហនុ នៅវេលាម៉ោង៨ព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២នេះ ដើម្បីអបអរសាទរខួប៣០ឆ្នាំ នៃការបញ្ជូនកម្លាំងរក្សាសន្តិភាពជប៉ុន មកកាន់ប្រទេសកម្ពុជា។ នាវាទាំង២គ្រឿង ចូលសំចតនៅកម្ពុជាមានរយៈពេលបីថ្ងៃចាប់ ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២។
នាវាទាំង២គ្រឿង ដែលចូលមកសំចតនៅកម្ពុជានេះរួមមាន៖ នាវាដែលមានឈ្មោះថា JS URAGA និង JS HIRADO។ នឹងមានការអញ្ជើញទទួលស្វាគមន៍ដោយផ្ទាល់ពីសំណាក់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅនឹងកំពង់ផែដោយផ្ទាល់ផងដែរ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងជួបសំណេះសំណាលជាមួយមេបញ្ជាការ និងនាវិក ព្រមទាំងរៀបចំអាហាពេលល្ងាចទទួលពួកគេផងដែរ។ ក្នុងអំឡុងពេលឈប់សំចតនៅកម្ពុជានេះ ក៏មានកម្មវិធីមួយចំនួននឹងត្រូវធ្វើឡើងមានដូចជាពិព័រណ៍ពិសេសលើនាវា JS URAGA និងការសម្តែងលំហាត់សុច្ឆន្ទៈកម្លាំងនាវិកស្វ័យការពារជើងទឹកជប៉ុន ដោយមានការពន្យល់អំពីឧបករណ៍បោសសម្អាតមីន, ពិព័រណ៍មុជទឹកដោយអ្នកមុជទឹកកម្ចាត់អាវុធជាតិផ្ទុះ និង ការតាំងពិព័រណ៍ប្រព័ន្ធកម្ចាត់មីនជាដើម។
ស្ថានទូតជប៉ុន បានបង្ហាញក្តីសង្ឃឹមថា តាមរយៈខួបនៃការបញ្ជូនកងកម្លាំងរក្សាសន្តិភាពមកកាន់កម្ពុជានេះ កម្ពុជា និងជប៉ុន នឹងបន្តអភិវឌ្ឍនូវទំនាក់ទំនង និងសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរ៕