រថយន្តមួយគ្រឿង បើក​ក្នុងល្បឿនលឿន បានបុក​ម៉ូតូ​មួយគ្រឿង បណ្ដាលឱ្យបុរស​ពីរ​នាក់ស្លាប់ នៅនឹងកន្លែង

បន្ទាយ​មាន​ជ័​យ៖ នៅវេលា​ម៉ោង ១​និង​៣០​នាទី រំលងអធ្រាត្រ ចូល​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០២២  រថយន្តមួយគ្រឿង បើក​ក្នុងល្បឿនលឿន បានបុក​ម៉ូតូ​មួយគ្រឿង បណ្ដាលឱ្យបុរស​ពីរ​នាក់ស្លាប់ នៅនឹងកន្លែង នៅតាម​បណ្ដោយ ផ្លូវជាតិ​លេខ​៥ ទល់មុខ​នឹង​ក្រុម​ហុ៑ន​ម៉ូតូ​ហុងដា ក្នុង​សង្កា​ត់បា​លិ​លេ​យ្យ​១ ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

​មន្ត្រីនគរបាល​ចរាច​ណ៍ បានប្រាប់ឱ្យដឹងថា មុនពេល​កើតហេតុ  ជនបង្កដែលបើក​រថយន្ត ស៊េរី​ទំនើប ម៉ាក Lexus Rx330 ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AU1911 បាន​បើក​ពី​ទិសខាងកើត មក​ខាងលិច ក្នុង​ល្បឿន​លឿន ដោយអ្នកបើកបរមានស្ថានភាព​ស្រវឹង​ខ្លាំង លុះ​មកដល់​ចំណុចកើតហេតុ​ បានបុកម៉ូតូ​មួយគ្រឿង ពីក្រោយ ម៉ាក​ហុងដា ស៊េរី​ឆ្នាំ ២០១២ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ បើក​ដោយ​បុរស​ម្នាក់ និង​អ្នករួមដំណើរ​ម្នាក់ បណ្តាល​ឲ្យ​ស្លាប់​ទាំងពីរ​នាក់ នៅនឹងកន្លែង​កើតហេតុ​ រួច​ក៏​ជ្រុល​ទៅបុក​រថយន្ត ស៊េរី​ទំនើប មួយគ្រឿង​ទៀត ម៉ាក​ហ្វ​ត (Ford) ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ បន្ថែមទៀត​។​

មន្ត្រីនគរបាល​ចរាច​ណ៍ បានបន្តថា ក្រោយពី​កើតហេតុ​ហើយ រថយន្ត​បង្ក​ត្រូវបាន​សមត្ថកិច្ច ជំនាញ​ចរាចរណ៍ នៃ​អធិការដ្ឋាន​ក្រុង​ប៉ោយប៉ែត បាន​វាស់វែង រួច​ស្ទូច​យកទៅ​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​។ ចំណែក​សព​ជនរងគ្រោះទាំងពីរ​នាក់ ត្រូវបានប្រគល់ជូន​សាច់ញាតិ យក​ទៅធ្វើ​បុណ្យ តាម​ប្រពៃណី​ហើយ​៕

Leave a Reply

Your email address will not be published. Required fields are marked *