លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន នៅថ្ងៃទី៥ ខែមិនានេះ បានថ្លែងអំណរគុណដល់ប្រទេសប៉ូឡូញ និងបណ្តាប្រទេសអឺរ៉ុបខាងកើតផ្សេងទៀត ដែលបានគាំទ្រប្រទេសរបស់លោក រួមទាំងការទទួលយកជនភៀសខ្លួនអ៊ុយក្រែនចូលទៅក្នុងទឹកដីរបស់ពួកគេ ។ លោក Volodymyr Zelensky បានបន្តថា ពលរដ្ឋអ៊ុយក្រែន នឹងអាចត្រឡប់ទៅផ្ទះវិញក្នុងពេលឆាប់ៗនេះផងដែរ។
លោក បានថ្លែងក្នុងសុន្ទរកថាតាមទូរទស្សន៍កាលពីថ្ងៃសៅរ៍ នេះថា «ខ្ញុំប្រាកដក្នុងចិត្តថាមិនយូរប៉ុន្មានយើងនឹងអាចប្រាប់ប្រជាជនរបស់យើង៖ ឱ្យត្រឡប់មកផ្ទះវិញ។ មកផ្ទះពីប៉ូឡូញ ពីរូម៉ានី ស្លូវ៉ាគី និងប្រទេសជាមិត្តផ្សេងទៀតទាំងអស់។ ត្រឡប់ទៅផ្ទះវិញ ព្រោះគ្មានការគំរាមកំហែងទៀតទេ»។ លោកបានបន្ថែមថា អ្នកឧបត្ថម្ភបរទេសដូចជាធនាគារពិភពលោកបានសន្យារួចហើយនូវប្រាក់រាប់សិបពាន់លានដុល្លារសម្រាប់កិច្ចខិតខំប្រឹងប្រែងកសាងឡើងវិញអ៊ុយក្រែនជាយថាហេតុ ហើយប្រាក់កាន់តែច្រើននឹងមក៕
ប្រភព: RT