ភ្នំពេញ៖ លោក ម៉ៅ ស៊ីណា ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ម្សិលមិញ បានសម្រចឃុំ ខ្លួនស្ត្រីម្នាក់ ដាក់ពន្ធនាគារ ជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ ពីបទមិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍ អាចជួញដូរបាន (ចេញស្អែកស្អុយ) លើទឹកប្រាក់ប្រមាណ ២៥ ម៉ឺន ដុល្លារអាមេរិក ។
កម្លាំងសមត្ថកិច្ចនគរបាល ការិយាល័យព្រហ្មទណ្ឌ កម្រិតស្រាល រាជធានីភ្នំពេញ បានឃាត់ខ្លួន ជនត្រូវចោទ ខាងលើ កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ តាមដីកាបង្គាប់ឲ្យចូលខ្លួន របស់ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធលើពាក្យបណ្ដឹងរបស់ឈ្មោះ ឡាយ គឹមហុង ភេទប្រុស អាយុ៣២ ឆ្នាំ មានអាស័យដ្ឋាន ស្នាក់នៅផ្ទះលេខ២០៣ E0 ផ្លូវ១០៧ ភូមិ៣ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ ជនសង្ស័យ មានឈ្មោះ ជា លាងនី អាយុ៥២ ឆ្នាំ មុខរបរ ជាអាជីវករ ស្នាក់នៅផ្ទះ លេខ៦១៣ ផ្លូវជាតិលេខ១ ភូមិដើមស្លែង សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ការឃុំខ្លួនស្ត្រី ខាងលើនេះ ត្រូវបានគេដឹងថា កាលពីដើមឆ្នាំ២០២១ ស្ត្រីជាជនសង្ស័យ បានខ្ចីប្រាក់ពីដើមបណ្តឹង បន្តបន្ទាប់ រហូតដល់ទៅ ២៥ ម៉ឺន ដុល្លារអាមេរិក ដើម្បីយកទៅធ្វើដើមទុន បង្កើតមុខរបរ រកស៊ីចិញ្ចឹមជីវិត ដោយសន្យាឲ្យ ការប្រាក់ និងសងវិញគ្រប់ចំនួន ។ ប៉ុន្តែនៅពេលទទួលបានប្រាក់ ពីដើមបណ្តឹងហើយ ជនសង្ស័យ មិនបានគោរព តាមកិច្ចសន្យានោះទេ នឹងបានព្យាយាមគេចវេស ពីបំណុលនេះ ថែមទៀតផង ។
ដោយឃើញ ជនសង្ស័យ មានគំនិតមិនចង់សងបំណុល ដើមបណ្តឹង បានណាត់ ជួបជនសង្ស័យ កំណត់ពេលវេលា ក្នុងការសងប្រាក់ ទើបពេលនោះ ជនសង្ស័យ បានប្រើប្រាស់ មូលប្បទានបត្រ ចំនួន ២ សន្លឹក ដែលមានទឹកប្រាក់ ចំនួន ២៥ ម៉ឺន ដុល្លារអាមេរិក ឲ្យទៅដើមបណ្តឹង ដើម្បីឲ្យមានការជឿ ទុកចិត្ត លុះដើម បណ្តឹងយកសែកនោះ ទៅបើកប្រាក់ពីធនាគារ ស្រាប់តែខាងធនាគារ ឆ្លើយតបមកវិញថា ជាសែកគ្មានសាច់ប្រាក់ ។ បានធ្វើឲ្យដើមបណ្តឹង សម្រេចចិត្ត ដាក់ពាក្យប្ដឹង ទៅសមត្តកិច្ចឲ្យជួយចាត់ ការលើជនសង្ស័យតាមផ្លូវច្បាប់តែម្តងទៅ៕