(ម៉ូស្គូ)៖ បើតាមការចេញផ្សាយ របស់សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី០៣ ខែមីនា ឆ្នាំ២០២២ទីភ្នាក់ងារអវកាសរុស្ស៉ី រ៉ូកូស្មូស (Roscosmos) បានប្រកាសឱ្យដឹងថា ប្រទេសរុស្ស៉ីសម្រេចបញ្ឈប់ការផ្គត់ផ្គង់ម៉ាស៉ីនគ្រាប់រ៉ុក្កែតទៅកាន់សហរដ្ឋអាមេរិកហើយ ដើម្បីសងសឹកចំពោះការដាក់ទណ្ឌកម្មរបស់អាមេរិក ប្រឆាំងលើរុស្ស៉ីជុំវិញវិបត្តិសង្រ្គាមនៅអ៊ុយក្រែន។
លោក ឌីមីទ្រី រ៉ូហ្កោហ្ស៉ីន (Dmitry Rogozin) ប្រធានទីភ្នាក់ងារអវកាសរុស្ស៉ី បានបន្តថា ទីភ្នាក់ងារ Roscosmos ក៏នឹងលែងបន្តផ្តល់សេវាកម្មផ្សេងៗ ដល់ម៉ាស៉ីនគ្រាប់រ៉ុក្កែត ដែលខ្លួនបានប្រគល់ឱ្យអាមេរិក នាពេលកន្លងមកផងដែរ។ មិនតែប៉ុណ្ណោះ បើតាមលោក Rogozin រុស្ស៉ីនឹងបញ្ចប់កិច្ចសហប្រតិបត្តិការជាមួយអាមេរិក ជុំវិញការធ្វើពិសោធន៍នៅស្ថានីយអវកាសអន្តរជាតិ ISS ថែមទៀតផង៕