(កៀវ)៖ បើតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃសៅរ៍ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ លោក វ៉ូឡូឌីមៀ ហ្ស៉ីលែនស្គី (Volodymyr Zelensky)ប្រធានាធិបតីអ៊ុយក្រែន បានអំពាវនាវឱ្យ មានការសម្រេចចិត្តជាបន្ទាន់មួយ ស្តីពីសមាជិកភាពក្នុងសហភាពអឺរ៉ុប (EU) សម្រាប់ប្រទេសរបស់លោក ដោយលោក Zelensky បានសង្កត់ធ្ងន់ថា ពេលវេលាសំខាន់បំផុតបានមកដល់ហើយ។
លោក Zelensky បានបង្ហោះសារលើប្រព័ន្ធ Twitter យ៉ាងដូច្នេះថា «ពេលវេលាដ៏សំខាន់បានមកដល់ហើយ ដើម្បីបិទបញ្ចប់នូវការពិភាក្សា ដែលអូសបន្លាយយូរណាស់មកហើយ និងដើម្បីបង្កើតការសម្រេចចិត្តជាបន្ទាន់មួយ ស្តីពីសមាជិកភាពរបស់អ៊ុយក្រែន នៅ EU»។ លោក ឆាលីស៍ មីឈែល (Charles Michel) ដែលជាប្រធានក្រុមប្រឹក្សាអឺរ៉ុប បានយកសាររបស់លោក Zelensky ទៅបង្ហោះបន្តដោយនិយាយថា អ៊ុយក្រែននិងប្រជាជនអ៊ុយក្រែន គឺជាគ្រួសាររបស់អឺរ៉ុប ហើយការជួយជ្រោមជ្រែងបន្ថែមទៀត កំពុងធ្វើឡើងហើយ ប៉ុន្តែលោក Michel មិនបានឆ្លើយតបចំពោះ ការស្នើឱ្យសម្រេចចិត្តជុំវិញសមាជិកភាព EU របស់លោកប្រធានាធិបតីអ៊ុយក្រែននោះទេ។
លោក Zelensky ក៏ធ្វើការអំពាវនាវ ឱ្យមានការបញ្ជាក់ឱ្យបានច្បាស់លាស់ ពាក់ព័ន្ធលទ្ធភាពនៃសមាជិកភាពរបស់អ៊ុយក្រែន នៅក្នុងអង្គការ NATO ផងដែរ ខណៈបញ្ហាដែលថា អ៊ុយក្រែនអាចចូលជាសមាជិក NATO នាពេលអនាគតនេះហើយ គឺជាមូលហេតុចម្បងមួយ នៅពីក្រោយសម្រេចចិត្តរបស់ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ក្នុងការវាយប្រហារលើអ៊ុយក្រែន៕