(កៀវ)៖ បើតាមការចេញផ្សាយ ដោយសារព័ត៌មាន Business insider នៅថ្ងៃសុក្រ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky នឹងផ្ដល់ «មេដាយវីរបុរសជាតិនៃប្រទេសអ៊ុយក្រែន» ដល់ឆ្មាំ ការពារព្រំដែនទាំង ១៣នាក់ ដែលបានពលីជីវិតដើម្បីការពារកោះពស់ ឬកោះ Zmiinyi ដោយមិនព្រមទម្លាក់អាវុធចុះចាញ់នាវាចម្បាំងរុស្ស៊ីមួយគ្រឿង នៅក្នុងតំបន់សមុទ្រខ្មៅ។
លោក Zelensky បានបញ្ជាក់ដូច្នេះថា «នៅលើកោះហ្ស៊ីមីនយី (Zmiinyi), ឆ្មាំការពារព្រំដែនរបស់ យើងទាំងអស់បានការពារកោះនេះរហូតដល់ទីបញ្ចប់ ដោយពួកគេបានស្លាប់ក្នុងនាមជាវីរបុរស…ហើយខ្ញុំនឹងផ្ដល់មេដាយវីរបុរសរបស់អ៊ុយក្រែន ដល់ពួកគេ»៕