បន្ទាយមានជ័យ៖ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ បានណែនាំដល់ពលទាហាន ត្រូវបំពេញបេសកកម្មប្រតិបត្តិការសហការជាមួយកងកម្លាំងចម្រុះ ទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្ត ខេត្តបន្ទាយមានជ័យ។
ជាមួយគ្នាឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ បានថ្លែងកោតសរសើរដល់អង្គភាពវរសេនាតូចថ្មើរជើងលេខ៥១១ ខិតខំយកចិត្តទុកដាក់អនុវត្តតាមផែនការដែលថ្នាក់លើប្រគល់ជូន និងអនុវត្តន៍តួនាទីភារកិច្ច ប្រកបដោយការទទួលខុសត្រូវខ្ពស់ តាមផែនការ កសាងអង្គភាពរឹងមាំលើគ្រប់វិស័យ។ ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ បានដាក់ផែនការឱ្យបន្តខិតខំការងារកសាងហេដ្ឋារចនាសម្ព័ន្ធបង្កបង្កើនផល និងចិញ្ចឹមសត្វ បន្ថែមលើគោលរបបហូបប្រចាំថ្ងៃ សម្រាប់កម្លាំងជួរមុខ និងកម្លាំងត្រៀមក្នុងទីតាំង ក៏ដូចជាគ្រួសារយោធិនក្នុងអង្គភាព និងមួយចំនួនលើសតម្រូវការ លក់ទៅទីផ្សារ សន្សំថវិកាកសាងក្នុងអង្គភាពនីមួយៗ រួមជាមួយបន្តអនុវត្តន៍ វិធានការ៣កុំ ៣ការពារ និង វិធានការសុខាភិបាល៕