កាលពីថ្ងៃព្រហស្បតិ៍ ក្រោយប្រទេសរុស្ស៊ីបើកការឈ្លានពានចូលអ៊ុយក្រែន បណ្ដាប្រទេសជាច្រើនបានបញ្ចេញប្រតិកម្មខឹងសម្បារនឹងរុស្ស៊ី ពលរដ្ឋនាំគ្នាចេញតវ៉ា ជាក់ស្ដែងនៅសហរដ្ឋអាមេរិក ក្រុមអ្នកតវ៉ាបានប្រមូលផ្ដុំគ្នានៅខាងក្រៅស្ថានទូតរុស្ស៊ី ក្នុងទីក្រុងវ៉ាស៊ីនតោន ឌីស៊ី ។ មនុស្សមួយក្រុមបានប្រមូលផ្ដុំគ្នានៅខាងក្រៅស្ថានទូតរបស់រុស្ស៊ីនៅក្នុងទីក្រុង Santiago របស់ប្រទេសឈីលី និងទីក្រុង Buenos Aires របស់ប្រទេសអាហ្សង់ទីនដើម្បីបង្ហាញពីកំហឹង ចំពោះការឈ្លានពានរបស់រុស្ស៊ីកាលពីថ្ងៃព្រហស្បតិ៍។
នៅក្នុងប្រទេសលីទុយអានីវិញ ក្រុមអ្នកតវ៉ាបានប្រមូលផ្ដុំគ្នាដើរក្បួនទៅកាន់ស្ថានទូតរុស្ស៊ីក្នុងទីក្រុង Vilnius កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីតវ៉ាប្រឆាំងទៅនឹងការឈ្លានពានរបស់រុស្ស៊ីចូលអ៊ុយក្រែន។ មនុស្សរាប់សិបនាក់ភាគច្រើនមកពីអ៊ុយក្រែន បានតវ៉ានៅខាងមុខស្ថានទូតរុស្ស៊ីក្នុងទីក្រុង Mexico City កាលពីថ្ងៃព្រហស្បតិ៍ក្រោយការឈ្លានពានពីរុស្ស៊ីលើអ៊ុយក្រែន។ ក្នុងប្រទេសបារាំងវិញ ក្រុមអ្នកតវ៉ាប្រហែល ១ពាន់នាក់បានប្រមូលផ្ដុំគ្នាកាលពីថ្ងៃព្រហស្បតិ៍នៅវិមាន Place de la Republique ក្នុងទីក្រុងប៉ារីស ដើម្បីបង្ហាញការមិនពេញចិត្តចំពោះការឈ្លានពានពីសំណាក់ប្រទេសរុស្ស៊ីចូលអ៊ុយក្រែន។នៅក្នុងប្រទេសព័រទុយហ្គាល់វិញ មនុស្សបានប្រមូលផ្ដុំគ្នាតវ៉ានៅក្នុងនានានៃរដ្ឋធានី Lisbon, Porto និង Faro កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីតវ៉ាប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីចូលអ៊ុយក្រែន។ មនុស្សរាប់ពាន់នាក់បានប្រមូលផ្ដុំគ្នានៅក្នុងទីក្រុង Tbilisi របស់ហ្ស៊កហ្ស៊ី ដើម្បីបង្ហាញការគាំទ្រដល់ប្រទេសអ៊ុយក្រែនកាលពីថ្ងៃព្រហស្បតិ៍។