ភ្នំពេញ៖ អាណាព្យាលបាល រស់នៅរាជធានីភ្នំពេញ បាននាំកូនទៅចាក់វ៉ាក់សាំងនៅមន្ទីរពេទ្យគន្ធបុប្ផា នាថ្ងៃទី២៣ ខែកុម្ភៈ នេះ បន្ទាប់ពីកូនៗចាក់វ៉ាក់សាំងរួច ជួយបង្កើនទំនុកចិត្ត ជាងមុន ក្នុងរស់នៅតាមបែបគន្លងថ្មី ជាមួយជំងឺកូវីដ-១៩ ជាពិសេសបច្ចុប្បន្នមេរោគបំប្លែងថ្មី អូមីក្រុង កំពុងរីករាលដាលក្នុងសហគមន៍។ តែបើទោះចាក់វ៉ាក់សាំងរួច ពួកគេនៅបន្តយកចិត្តទុកដាក់ចំពោះកូន ដោយប្រកាន់ភ្ជាប់វិធានការសុខាភិបាល និងវិធានការ៣កុំ ៣ការពារ។ យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី១ ជូនកុមារអាយុពី៣ឆ្នាំ ដល់ក្រោម៥ឆ្នាំ នៅក្នុងប្រទេសកម្ពុជា ចាប់ផ្តើមអនុវត្តពីថ្ងៃទី២៣ ខែកុម្ភៈនេះតទៅ។ ការចាក់វ៉ាក់សាំង គឺដើម្បីបង្កើតអង់ទីគ័រ ទប់ទល់នឹងការវាយលុកពីជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងថ្មីអូមីក្រុង។