កាលពីថ្ងៃទី២០ដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២កន្លងមកនេះ អាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា លោកស្រី Angelina Jolie (តារាហូលីវូដ)បានមកបំពេញបេសកកម្មការងារនៅឧទ្យានជាតិអង្គរ និងបានចូលរួមពិធីសម្ពោធជាផ្លូវការនៃកម្មវិធីចិញ្ចឹមឃ្មុំសម្រាប់ស្ត្រី(Women for Bees) ក្រោមកិច្ចសហការជាមួយអង្គការយូណេស្កូ និងសម្របសម្រួលដោយអាជ្ញាធរជាតិអប្សរា។ កម្មវិធីចិញ្ចឹមឃ្មុំនេះផងដែរគឺមានគោលបំណងជួយអភិរក្សប្រភេទឃ្មុំ Apis cerana និង Apis dorsata ដែលមានដើមកំណើតនៅក្នុងឧទ្យានអង្គរ និងពង្រឹងសមត្ថភាពស្ត្រីក្នុងការរកប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ក្នុងគ្រួសារ និងសហគមន៍របស់ពួកគេ។
សូមបញ្ជាក់ថា លោកស្រី Angelina Jolie គឺជាស្ថាបនិកនៃគម្រោង UNESCO-GUERLAIN “Women for bees” ដែលឧបត្ថម្ភដោយក្រុមហ៊ុន GUERLAIN។
ការបង្ហាញវត្តមានដ៏សំខាន់លោកស្រី Angelina Jolie ក្នុងបេសកកម្មរបស់ខ្លួននៅពេលនេះ តារាហូលីវូដរូបនេះ ក៏បានជួយផ្សព្វផ្សាយតំបន់រមណីយដ្ឋានអង្គរ ទៅកាន់ពិភពលោកថែមមួយកម្រិតទៀត ពិសេសក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ១៩ដើម្បីបញ្ជាក់ថា កម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយសុវត្តិភាព៕