(កោះកុង)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ បានរំឮកពីអតីតកាល ក្នុងភូមិសាស្រ្តឃុំទួលគគីរ ស្រុកមណ្ឌលសីមា ដែលជាទីតាំងគេយកសម្តេចទៅបាញ់សម្លាប់ចោល ប៉ុន្តែ ដោយសារទឹកដោះម្តាយថ្លៃទើបធ្វើអោយសម្តេចរួចផុតពីសេចក្តីស្លាប់ រហូតមកដល់សព្វថ្ងៃនេះ។
សម្តេចពិជ័យសេនា ទៀ បាញ់ ការរំលឹកពីអតីតកាលបែបនេះបានធ្វើឡើងនៅក្នុងឱកាសដែលសម្តេចបានដឹកនាំមន្ត្រីជាន់ខ្ពស់ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារទីស្នាក់ការគណបក្សប្រជាជន ស្ថិតនៅភូមិតាកាចឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានគូសបញ្ជាក់ថា៖ «ភូមិសាស្ត្រនៃទឹកដីឃុំទួលគគីរ ស្រុកមណ្ឌលសីមានេះ ហើយដែលធ្វើឱ្យសម្តេចចង់ចាំមិនភ្លេចឡើយ ដែលក្រុមទមិឡអត់សាសនា យកសម្តេចទៅបាញ់ចោល តែភ័ព្វសំណាងទឹកដោះម្តាយថ្លៃ សម្តេចមិនស្លាប់ក្នុងពេលនោះហើយបានរួចផុតពីសេចក្តីទើបសម្តេចមានថ្ងៃនេះ»។
សម្តេចពិជ័យសេនា បានបន្ថែមថា «អ្នកគេចងយកទៅបាញ់សម្លាប់ចោលមិនមែនមានតែសម្តេចម្នាក់ទេ គឺមាន៣.៤នាក់ទៀត តែអកុសលអ្នកនោះកងឈ្លបបាញ់សម្លាប់អស់ហើយ មានជីវិតតែរស់សម្តេចម្នាក់ ដោយសារកងឈ្លប់បាញ់ខុស ហើយឈាមសាកសពដែលស្លាប់បានជះមកលើខ្លួនសម្តេច កងឈ្លបឃើញឈាមពេញ គិតថាសម្តេចបានស្លាប់ហើយ ហើយកងឈ្លបក៏វិលទៅទីតាំងវិញ ក្នុងគ្រានោះមានភ្លៀងធ្លាក់ផងមានទឹកចូលត្រចៀក សម្តេចក៏ដឹងខ្លួនពីសន្លប់ មើលើខ្លួនឃើញអត់ត្រូវរបួលអ្វីសម្តេចក៏រត់ចូលព្រៃឬស្សីទាំងដៃជាប់ចំណងហើយ ក៏រស់ក្នុងព្រៃបង្កើនកម្លាំងតស៊ូដើម្បីវាយបកសត្រូវវិញ»។
សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា ប្រជាពលរដ្ឋទាំងអស់ទូទាំងប្រទេសត្រូវជឿជាក់លើគណបក្សប្រជាជនកម្ពុជា ហើយចូលរួមបោះឆ្នោតជូនគណបក្សប្រជាជន ឱ្យបានគ្រប់គ្នាៗ គណបក្សប្រជាជននេះ ហើយដែលធ្វើឱ្យយើងទាំងអស់គ្នាមានថ្ងៃនេះ ដូច្នេះ ហើយសូមប្រជាពលរដ្ឋកុំជឿលើសំដីការញុះញ៉ុងរបស់ក្រុមពួកក្បត់ជាតិឱ្យសោះ៕