ភ្នំពេញ៖ លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ នេះ បានព្រមានពីករណី ឆ្លងប្រចាំថ្ងៃ ដែលអាចនឹងកើនឡើងពី ៣ ខ្ទង់ (ខ្ទង់រយ) ទៅកាន់ ៤ ខ្ទង់ (ខ្ទង់ពាន់) ក្នុងពេលឆាប់ៗ ខាងមុខនេះ ប្រសិនបើបងប្អូនប្រជាពលរដ្ឋមួយចំនួន នៅតែបន្តធ្វេសប្រហែស និងមិនអនុវត្តវិធានការ ៣ការពារ និង ៣កុំ ឱ្យបានខ្ជាប់ខ្ជួនទេ នោះ។
លោកស្រី បានពន្យល់ថាៈ “ការចម្លងវីរុសកូវីដ-១៩ គឺតាមរយៈការចម្លងពីបុគ្គលម្នាក់ ទៅបុគ្គលម្នាក់ ឬពីបុគ្គលម្នាក់ ទៅបុគ្គលច្រើននាក់ ហើយនៅក្នុងបរិបទ នៃការចម្លងរបស់ អូមីក្រុងនេះទៀត ការចម្លង គឺកាន់តែលឿន មានន័យថា ក្នុងរយៈពេល ២ ថ្ងៃ ទៅ ៣ ថ្ងៃយ៉ាងយូរ បើសិនជាមានបុគ្គល ២ នាក់ វិជ្ជមាន ហើយមិនបានអនុវត្តវិធានការ ការពារ ខ្លួន ២ ថ្ងៃក្រោយ ការចម្លង នឹងកើនទៅដល់បុគ្គល ៤ នាក់ ហើយ ២ ថ្ងៃក្រោយទៀត ការចម្លង នឹងកើនទៅដល់បុគ្គល ៨ នាក់។ ដូច្នេះហើយទើបកំណើន ការឆ្លងវីរុសកូវីដ-១៩ មានកំណើនលឿន ដូចអ្វីដែលយើង បានឃើញទាំងអស់គ្នាហើយ ចាប់ពីករណីអូមីក្រុង ទី១ គឺចាប់ផ្តើម ពីមួយខ្ទង់ បន្ទាប់មក ពីរខ្ទង់ ហើយនៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះ មានរហូតដល់ បីខ្ទង់។ អីចឹង មិនយូរមិនឆាប់ទេ ការឆ្លង នឹងឡើងដល់បួនខ្ទង់ មិនខាន បើបងប្អូនប្រជាពលរដ្ឋយើង នៅតែបន្តមើលស្រាល ធ្វេសប្រហែស និងមិនអនុវត្តវិធានការ ៣ ការពារ និង ៣ កុំ ឱ្យបានត្រឹមត្រូវទេនោះ”។
លោកស្រី បានបន្ថែម ថាៈ “សូមកុំមើលស្រាលវីរុសកូវីដ-១៩ ប្រភេទ អូមីក្រុង ព្រោះថា អត្រាឆ្លងកាន់តែច្រើន អត្រាសម្រាកពេទ្យ ក៏កាន់ខ្ពស់ មូលដ្ឋានសុខាភិបាល ទប់ទល់លែងជាប់ ច្បាស់ណាស់ អត្រាមរណភាព នឹងកើតមាន ហើយវីរុសប្រភេទអូមីក្រុងនេះ បានចាប់ផ្តើមផ្តាច់ជីវិត អ្នកជំងឺជាបណ្តើរៗហើយ នៅជុំវិញពិភពលោក បើទោះជាកម្ពុជា មិនទាន់មានពិតមែន ប៉ុន្តែក៏មិនត្រូវធ្វេសប្រហែស នោះដែរ”។
ដោយឡែក ពាក់ព័ន្ធនឹងការងារ ចាក់វ៉ាក់សាំងវិញ គិតត្រឹមយប់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ ម្សិលមិញនេះ មានប្រជាពលរដ្ឋ ចំនួន ១៣.៨១៨.១៤៧ នាក់ ក្នុងចំណោយ ប្រជាពលរដ្ឋ សរុបទូទាំងប្រទេស ចំនួន ១៦ លាននាក់ បានទទួលវ៉ាក់សាំងដូសមូលដ្ឋាន ហើយចំនួន ៥.៤០៨.៩២១ នាក់ បានទទួលវ៉ាក់សាំង ដូសទី៣ និងក្រុមជួរមុខ ចំនួន ៧៩៥.៨៤៣ នាក់ បានទទួលវ៉ាក់សាំង ដូសទី៤៕