ភ្នំពេញ៖ បើយោងតាមសេចក្តីបំភ្លឺរបស់អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជានៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ។ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានច្រានចោលទាំងស្រុងនូវរបាយការណ៍គ្មានមូលដ្ឋាន ដែលចោទប្រកាន់ថា «ចារកម្មកូរ៉េខាងជើងបានបើកដំណើរការសណ្ឋាគារ កាស៊ីណូ និងភ្នាក់ងារទេសចរណ៍នៅកម្ពុជា» ដែលត្រូវបានចុះផ្សាយក្នុង NK News កាលពីថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២២ ។ តាមការពិតកម្ពុជាបានអនុវត្តស្របតាមគ្រប់សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ទាំងអស់ ដោយបានបិទគ្រប់អាជីវកម្ម និងគណនីធនាគាររបស់សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (ស.ប.ប.ក) នៅក្នុងប្រទេសកម្ពុជា និងបានបញ្ឈប់ការផ្តល់ប័ណ្ណការងារដល់កម្មករមកពី ស.ប.ប.ក ផងដែរ។
អ្នកនាំពាក្យបន្តថា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តាមរយៈស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជា-ណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ ២០២០ បានបញ្ជូនរបាយការណ៍ជាតិរបស់កម្ពុជា អំពីការអនុវត្តសេចក្ដីសម្រេចរបស់ UNSC ស្តីពីការដាក់ទណ្ឌកម្មលើ ស.ប.ប.ក ទៅកាន់ប្រធានគណៈកម្មាធិការ UNSC ដែលត្រូវបានបង្កើតឡើងអនុលោមតាមសេចក្ដីសម្រេចរបស់ UNSC លេខ ១៧១៨ (ឆ្នាំ ២០០៦) ។
កម្ពុជាតែងតែប្រកាន់ខ្ជាប់នូវជំហរម៉ឺងម៉ាត់របស់ខ្លួនចំពោះការគាំទ្រការមិនរីកសាយភាយអាវុធមហាប្រល័យ ដើម្បីឆ្ពោះទៅរកការលុបបំបាត់ទាំងស្រុងនូវអាវុធទាំងនេះ និងគូសបញ្ជាក់ថា «ក្នុងនាមជាសមាជិកមួយរូបរបស់អង្គការសហប្រជាជាតិដែលមានការទទួលខុសត្រូវ កម្ពុជាបានបំពេញទាំងស្រុងនូវកាតព្វកិច្ចអន្តរជាតិរបស់ខ្លួនក្រោមធម្មនុញ្ញអង្គការសហប្រជាជាតិ ហើយបានអនុវត្តយ៉ាងស្មោះត្រង់នូវសេចក្ដីសម្រេចរបស់ UNSC ស្តីពីការដាក់ទណ្ឌកម្មលើ ស.ប.ប.ក»។
ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវតម្រូវការនៃសេចក្ដីសម្រេចដាក់ទណ្ឌកម្មរបស់ UNSC លើ ស.ប.ប.ក ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជូនដំណឹងយ៉ាងត្រឹមត្រូវដល់ក្រសួង និងស្ថាប័នពាក់ព័ន្ធទាំងអស់ អំពីសេចក្ដីសម្រេចទាំងអស់របស់ UNSC ទាក់ទងនឹង ស.ប.ប.ក ដើម្បីចាត់វិធានការជាក់ស្តែង។
នៅថ្ងៃទី ១ ខែមីនា ឆ្នាំ២០១៨ រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតក្រុមការងារចំពោះកិច្ចអន្តរក្រសួង ដើម្បីធ្វើការត្រួតពិនិត្យរាល់ឯកសារ និងការស៊ើបអង្កេតលើបណ្តាក្រុមហ៊ុន និងអាជីវកម្មរបស់ ស.ប.ប.ក។ ក្រុមការងារចំពោះកិច្ចអន្តរក្រសួង បានរៀបចំកិច្ចប្រជុំយ៉ាងហោចណាស់ចំនួនប្រាំបួនដង ដែលបានធ្វើជាសហប្រធានដឹកនាំដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្រសួងពាណិជ្ជកម្ម ដើម្បីធ្វើការសម្រេចលើវិធានការជាក់ស្តែង ដើម្បីអនុវត្តស្របតាមប្រភេទទណ្ឌកម្មផ្សេងៗ ដូចមានចែងក្នុងសេចក្ដីសម្រេចរបស់ UNSC ។
ជាលទ្ធផល គណនីធនាគារចំនួនប្រាំពីរនៅក្នុងស្ថាប័នហិរញ្ញវត្ថុពីរផ្សេងគ្នាត្រូវបានបិទចាប់តាំងពីឆ្នាំ២០១៧ មក។ កម្ពុជាបានបិទគ្រប់អាជីវកម្មរបស់ ស.ប.ប.ក ទាំងអស់ រួមទាំងភោជនីយដ្ឋាន និងសារមន្ទីរដែលធ្វើប្រតិបត្តិការនៅកម្ពុជា។ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០១៩ ក្រសួងពាណិជ្ជកម្ម បានលុបឈ្មោះក្រុមហ៊ុន Glory Worldwide Glow Co. Ltd របស់ ស.ប.ប.ក ចេញពីបញ្ជីពាណិជ្ជកម្ម។ ក្រសួងពាណិជ្ជកម្ម បានស្រាវជ្រាវក្រុមហ៊ុននានាដែលបានចុះបញ្ជីក្នុងប្រព័ន្ធរបស់ខ្លួន និងបានរកឃើញក្រុមហ៊ុនចំនួន១២ រួមទាំងក្រុមហ៊ុន Mansudae New Tech Corporation Ltd. ផង ដែលបានជាប់ពាក់ព័ន្ធជាមួយ ស.ប.ប.ក។ ក្រុមហ៊ុនទាំងនេះត្រូវបានលុបឈ្មោះចេញពីបញ្ជី កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ ។ ភោជនីយដ្ឋានចំនួនប្រាំបីត្រូវបានដកហូតអាជ្ញាប័ណ្ណ និងបិទទ្វារ កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ ។
ចាប់តាំងពីឆ្នាំ២០១៧មក កម្ពុជាបានបឈ្ឈប់ទាំងស្រុងការផ្តល់ប័ណ្ណការងារដល់ពលករមកពី ស.ប.ប.ក។ គិតត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ រាជរដ្ឋាភិបាលបានសម្រេចមិនពន្យារទិដ្ឋាការដល់ប្រជាជន ស.ប.ប.ក ដែលបានធ្វើការនៅកម្ពុជាទៀតទេ៕