ភ្នំពេញ៖ នៅយប់រំលងអាធ្រាតឈានចូលថ្ងៃទី 14 ខែកុម្ភៈឆ្នាំ 2022 មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ បណ្ដាលឲ្យនារីម្នាក់រងរបួសស្រាល។
តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា មានរថយន្ត(ហាយឡែនឌ័រ)ពណ៌ទឹកប្រាក់ 1 គ្រឿង ពាក់ស្លាកលេខភ្នំពេញ 2AR-9223 បើកបរតាមបណ្ដោយផ្លូវលេខ51 ជិះគ្នាបីនាក់ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់កែងផ្លូវលេខ 214 ក៏មានរថយន្តស៊េរីទំនើប( ល៊ិចស៊ីស 570) គូរូមួយគ្រឿង ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 2BG-2777 ជិះគ្នា3នាក់ បើកបរក្នុងទិសដៅពីលិចទៅកើត បានមកបុកពេញទំហឹងបណ្ដាលឲ្យរថយន្តទាំង2 រងការខូចខាត ហើយរថយន្តហាយឡិនឌ័រ ខ្ទាតទៅបុកជាមួយនឹងរថយន្តកាមរីមួយគ្រឿងទៀត ដែលបានចតចោលនៅលើចិញ្ចើមផ្លូវ បណ្តាលអោយមានការខូចខាតផងដែរ។
ក្រោយពីកើតហេតុសមត្ថកិច្ច បានចុះមកដល់ទីតាំងកន្លែងកើតហេតុ ដើម្បីធ្វើការវាស់វែងនិងស្ទូចរថយន្តទាំងបី យកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកក្រុងភ្នំពេញ ដើម្បីរង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយនៅពេលក្រោយ៕