ឯកឧត្តមឧត្តមសេនី៍យ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជការកងទ័ពជើងគោក នាព្រឹកថ្ងៃសៅរ៍ ទី ១២ ខែកុម្ភៈ ឆ្នាំ២០២២នេះ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អាគារទីបញ្ជាការ សមិទ្ធផលនានា និងប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែងបំពាក់ឋានន្តរស័ក្ត ជូននាយទាហានក្នុងតំបន់ប្រតិបិត្តការសឹករងតាកែវ។ ឯកឧត្តម ឧត្តមសេនី៍យ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជការកងទ័ពជើងគោក បានអំពាវនាវទៅដល់កម្លាំងកងទ័ពទាំងអស់ ត្រូវបន្តថែរក្សា និងការពារសុខសន្តិភាពនេះឱ្យបានស្ថិតស្ថេរ ទោះស្ថិតក្នុងតម្លៃណាក៏ដោយ ត្រូវតែប្តូរផ្តាច់ការពារឱ្យខានតែបាន ដោយមិនឱ្យអ្នកណាម្នាក់ឬក្រុមអ្នកនយោបាយរត់ចោលស្រុកមួយចំនួនមកបំផ្លាញ់សន្តិភាពនេះបានឡើយ ។
ឯកឧត្តមឧត្តមសេនី៍យ៍ឯក ហ៊ុន ម៉ាណែត បានមានប្រសាសន៍បន្តថា សុខសន្តិភាពនេះ ទម្រាំយើងរកបាននៅក្នុងដៃនេះមិនងាយស្រួលនោះទេ ហើយតម្លៃសន្តិភាពនេះវាពិតជាមានសារៈសំខាន់ខ្លាំងណាស់ និងមិនអាចកាត់ថ្លៃបានឡើយនៅក្នុងប្រទេសរបស់យើង ប៉ុន្តែអ្នកនយោបាយមួយចំនួននៅតែបន្តចង់មកបំផ្លាញ់សន្តិភាពនេះ និងចិញ្ចឹមចិត្តចង់ផ្តួលរំលំរាជរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោតស្របច្បាប់នេះ ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បន្តទៀតថា សកម្មភាពនិងគ្រប់ទង្វើរបស់ក្រុមអ្នកនយោបាយរបស់ក្រុមសម រង្ស៊ីនេះបង្ហាញយ៉ាងច្បាស់ណាស់ថា គេនៅតែចង់ដណ្តើមអំណាចបើទោះបីជាត្រូវលះបង់អ្វីៗក៏ដោយ ដូច្នោះយើងត្រូវតែប្រឆាំង និងរួបរួមគ្នាការពារមិនឱ្យក្រុមណាមួយ ឬអ្នកនយោបាយមួយក្តាប់តូច មកបំផ្លាញ់សន្តិភាពនេះបានឡើយ ត្រូវតែការពារ ៕