(វ៉ាស៊ីនតោន)៖ នៅថ្ងៃសុក្រសប្តាហ៍នេះ សហរដ្ឋអាមេរិកបានធ្វើការព្រមានជាថ្មីថា ប្រទេសរុស្ស៊ីបានដាក់ពង្រាយកងទ័ពក្នុងចំនួនគ្រប់គ្រាន់ ដែលអាចបើកការឈ្លានពានទ្រង់ទ្រាយធំ ទៅលើប្រទេសអ៊ុយក្រែន។
បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃសៅរ៍ ទី១២ ខែកុម្ភៈ ឆ្នាំ២០២២នេះទីក្រុងវ៉ាស៊ីនតោនក៏បានជំរុញឲ្យពលរដ្ឋរបស់ខ្លួនទាំងអស់ ចាកចេញពីទឹកដីអ៊ុយក្រែន នៅក្នុងរយៈពេល ៤៨ម៉ោងផងដែរ។
លោក ចេក សាល់លីវែន (Jake Sullivan) ទីប្រឹក្សាសន្តិសុខជាតិប្រចាំនៅសេតវិមានរដ្ឋធានីវ៉ាស៊ីនតោន បានថ្លែងក្នុងសន្និសីទសារព័ត៌មាន ប្រចាំថ្ងៃសុក្រសប្តាហ៍នេះថា «ការវាយប្រហារមួយដោយរុស្ស៊ី នឹងអាចចាប់ផ្តើមនៅថ្ងៃណាមួយ ហើយវានឹងចាប់ផ្តើមដោយ ការវាយប្រហារតាមផ្លូវអាកាស ខណៈដែលការវាយសម្រុកយ៉ាងលឿន សំដៅទៅរករដ្ឋធានីកៀវ ក៏អាចនឹងទៅរួចផងដែរ»។