(ភ្នំពេញ)៖ ក្រោយឃាត់ខ្លួននៅយប់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោមបទចោទប្រកាន់ពាក់ព័ន្ធនឹងការរារាំង ការអនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ១៩ អតីតបុគ្គលិកក្រុមហ៊ុនណាហ្កាវើលដ៍ចំនួន៣នាក់ ត្រូវបានកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជូនទៅកាន់តុលាការដើម្បីបន្តការសួរនាំ។ ក្រោយការបញ្ជូនទៅដល់តុលាការនាព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ អតីតបុគ្គលិកទាំង៣នាក់ ត្រូវបានតំណាងអយ្យការ លោក សេង ហ៊ាង ធ្វើការសួរនាំដើម្បីចាត់ការបន្តទៀត។
លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់អោយដឹងថា អតីតបុគ្គលិកក្រុមហ៊ុនណាហ្កាវើលដ៍ទាំង៣នាក់ដែលត្រូវបានឃាត់ខ្លួននោះមានឈ្មោះ ៖ ទី១ឈ្មោះ ជួប ចាន់ណាត ភេទប្រុស អាយុ៤៤ឆ្នាំ ស្នាក់នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន, ទី២ ឈ្មោះ សេង វណ្ណារិទ្ធ ភេទប្រុស ស្នាក់នៅសង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា និងទី៣ឈ្មោះ សៅ សម្បត្តិ ត្រូវបាលកម្លាំងនគរបាលឃាត់ខ្លួន នៅវេលាម៉ោង៧:៣០នាទី ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២។
សូមបញ្ចាក់ថា កម្លាំងសមត្ថកិច្ច កំពុងតាមស្វែងរកដើម្បីនាំខ្លួន អតីតបុគ្គលិកណាហ្គាវើលដ៍ ចំនួន៤នាក់ទៀត ជាការអនុវត្តតាមដីការបញ្ជាឱ្យចូលខ្លួន របស់ព្រះរាជអជ្ញារ អមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីរារាំងដល់អនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ១៩ ដោយយោងលើមាត្រា១១ នៃច្បាប់ប្រឆាំងកូវីដ ។
មនុស្ស៤នាក់ដែលសមត្ថកិច្ចកំពុងតាមចាប់ខ្លួន រួមមានឈ្មោះ ៖ ទី១. ខេង ចិន្តា (ស្រី), ទី២. អ៊ុក សុភ័ក្រម៉ូលីកា (ស្រី) , ទី៣. ម៉េង កាន់នីកា (ស្រី) និងទី៤. អេង ស្រីបូ (ស្រី)៕