អឺរ៉ុប៖ អង្គការ NATO កំពុងធ្វើសមយុទ្ធយោធានៅសមុទ្រមេឌីទែរ៉ាណេ និងសមុទ្រអាទ្រាទីក ក្នុងពេលដែលកំពុងមានភាពតានតឹងនៅអឺរ៉ុបខាងកើតជុំវិញការបង្កើនយោធារុស្ស៊ីនៅជិតព្រំដែនអ៊ុយក្រែន។
សូមជម្រាបថា សមយុទ្ធ Neptune Strike 2022 រួមមានក្រុមនាវាផ្ទុកយន្តហោះអាមេរិកនាំមុខដោយនាវាផ្ទុកយន្តហោះ USS Truman ខណៈយន្តហោះចម្បាំង F-18 ច្រើនគ្រឿងបានហោះហើរពីលើរដ្ឋបាល់ទិក ប្រទេសប៉ូឡូញ រូម៉ានី និងសមុទ្រ អាយអូនៀន។ ក៏បានចូលរួមពី កងទ័ពជើងទឹកប្រទេសអ៊ីតាលី ក្រិក អាល្លឺម៉ង់ និងអេស្ប៉ាញក្នុងសមយុទ្ធនេះដែរ។
ប្រទេសដាណឺម៉ាកបានឱ្យដឹងថា ខ្លួនក៏កំពុងបញ្ជូននាវា និងយន្តហោះចម្បាំង F-16 ទៅកាន់ប្រទេសលីទុយអានី ហើយប្រទេសអេស្ប៉ាញកំពុងបញ្ជូនយន្តហោះចម្បាំងចំនួន ៤គ្រឿងទៅកាន់ប្រទេសប៊ុលហ្គារី និងនាវាចំនួន ៣គ្រឿងទៅកាន់សមុទ្រខ្មៅ ដើម្បីចូលរួមជាមួយកងទ័ពជើងទឹករបស់អង្គការ NATO៕