មណ្ឌលគិរីៈ កាលពីរសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ កុមារាដែលបាននៅរស់រានមានជីវិត ពីករណីឃាតកម្មសម្លាប់មួយគ្រួសារនៅក្នុងភូមិដាច់ស្រយាលមួយនៃខេត្តមណ្ឌលគិរី ត្រូវបានបញ្ជួនចេញពីមន្ទីរពេទ្យបង្អែកខេត្ត ទៅបន្តសង្គ្រោះបន្តនៅឯងក្រុងភ្នំពេញ។
នៅព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២ម្សិលមិញ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានប្រាប់ឱ្យដឹងថា កុមារារូបនេះជាសាក្សីសំខាន់ ត្រូវបានមើលថែនិងការពារយ៉ាងយកចិត្តទុកដាក់ពីកម្លាំងនគរបាល ចំពោះថវិកាដែលត្រូវចំណាយ គឺលើរូបលោកផ្ទាល់ និងអង្គការមួយទៀត បានយកចិត្តទុកដាក់តាមជួយរហូតមកផងដែរ។
លោកវិជ្ជបណ្ឌិតទុយ ស្រស់ ប្រធានមន្ទីរពេទ្យបង្អែកខេត្តអោយដឹងតាមទូរសព្ទថា កុមារា ក្រាក់ ស្លី អាយុ១២ឆ្នាំ មានស្នាមជាំខ្លាំងនៅចំហៀងក និងផ្ទៃមុខ រួមទាំងសតិអារម្មណ៍មិនសូវប្រក្រតី។មិនទាន់មានការបញ្ជាក់ណាមួយថាតើគំនុំសម្លាប់មួយគ្រួសារផ្តាច់ពូជនោះ បានជាប់ទាក់ទងនឹងអ្វីនោះទេ។
ស្នងការរងនគរបាលខេត្តមណ្ឌលគីរី លោកសូ សុវណ្ណ បានបញ្ចាក់ថា មនុស្សដែលត្រូវបានសំលាប់ ក្នុងហេតុការណ៍ មានចំនួន៥នាក់ ដែលសាកសពមុននេះត្រូវគេប្រទះឃើញតែបីនាក់ ដែលស្ថិតនៅក្នុងព្រៃ និងក្រោយមកប្រទះឃើញ២នាក់ផ្សេងទៀត នៅចម្ងាយពីផ្ទះប្រមាណ១០០ម៉ែត្រ។ អ្នកទាំង២ដែលទើបរកឃើញ សាកសពនោះ គឺជាម្តាយ និងកូនប្រុសអាយុ៥ឆ្នាំ។ សាកសពដែលឃាតករបានសម្លាប់នោះ ត្រូវបានទុក ចោល នៅក្នុងតំបន់មួយកន្លែងស្ថិតនៅចំណុច ស្រែមួយឈ្មោះស្រែម៉ាអ៊ែល ភូមិឡៅកា សង្កាត់សុខដុម នៃក្រុង សែនមនោរម្យ៕