ក្រុងប៉ោយប៉ែត ៖កាលពីថ្ងៃទី ២៩,ខែមករា,ឆ្នាំ២០២២ ម៉ោង២០,២០យប់ កំលាំងនគរបាល ក្រុងប៉ោយប៉ែត បានឃាត់ខ្លួន ជនសង្ស័យ២នាក់ បន្ទាប់ពីធ្វើសកម្មភាព ប្លន់ អ្នករត់ម៉ូតូឌុប ត្រង់ចំនុចផ្លូវខាងកើតវត្តប្រជាធម្ម ស្ថិតនៅក្នុង ភូមិផ្សារកណ្តាលសង្កាត់ ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ។
ជនរងគ្រោះឈ្មោះ ហង្ស កក្កដា ភេទ ប្រុស អាយុ ៤១ ឆ្នាំ រស់នៅ ភូមិ ក្បាលស្ពាន០១ សង្កាត់ ប៉ោយប៉ែត ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មុខរបររត់ម៉ូតូឌុប ។
ជនរងគ្រោះ បានប្រាប់ឱ្យដឹងថា មុនកើតហេតុជនល្មើសទាំ០២នាក់បានហៅជនរងគ្រោះអោយដឹកខ្លួនចេញពីផ្លូវដើមពុទ្រាមកដីថ្មីលុះដឹកដល់កន្លែងកើតហេតុ ជនសង្ស័យយក៍បានយកខ្សែមករិត ក ជនរងគ្រោះ រីឯម្នាក់ទៀតធ្វើសកម្មភាពដាល់ទៅលើជនរងគ្រោះបណ្តាលអោយ ជាំភ្នែកម្ខាងហើយភ្លាមៗនោះជនរងគ្រោះក៍ប្រតាយប្រតប់គ្នា រួចជនល្មើសក៍ឡើងបើកម៉ូតូរបស់ជនរងគ្រោះចេញពីកន្លែងកើតហេតុបាត់ទៅ រីជនរងគ្រោះខំរត់តាមស្រែកថាចោរៗដើម្បីអោយគេជួយហើយអ្នកជិតខាងនាំគ្នាតាមដែរតែតាមមិនទាន់ បន្ទាប់មកជនរងគ្រោះបានប្តឹងរាយការណ៍ដល់សមត្ថកិច្ចរៀបរាប់ប្រាប់រឿងហេតុតែម្ដង។
បន្ទាប់ពីបានទទួលបណ្ដឹងពីជនរងគ្រោះហើយ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះស្នងការនគរបាល ខេត្តបន្ទាយមានជ័យ និង អនុវត្តបទបញ្ជាផ្ទាល់ពី លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាល ក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងជំនាញបានសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលផ្សារកណ្ដាល និងកម្លាំងប៉ុស្តិ៍នគរបាលប៉ោយប៉ែត ធ្វើការស្រាវជ្រាវស៊ើបអង្កេតស្វែងរកជនសង្ស័យ រហូតដល់ម៉ោង២២និង០០នាទីយប់ ឃាត់បានជនសង្ស័យទាំងពីរនាក់ និងបានដកហូតម៉ូតូរបស់ជនរងគ្រោះបានមកវិញ នៅចំនុចការ៉ាអូខេអគ្គាថ្មី ស្ថិតក្នុងភូមិ អូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ជនសង្ស័យទាំងពីរនាក់រួមមានឈ្មោះ ទី១ឈ្មោះ សុក សុវណ្ណ ហៅមិត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ទី២ ឈ្មោះ ឡៅ ចិនឡុង ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ គេទាំងពីរនាក់ស្នាក់នៅភូមិនិមិត្ត៣ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងបានឆ្លើយសារភាពថា ពិតជា ធ្វើសកម្មភាព ប្លន់ អ្នករត់ម៉ូតូឌុបពិតប្រាកដមែន។
ជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានកសាងសំណុំរឿងបញ្ជួន និងចាត់ការតាមនីតិវិធីច្បាប់ផងដែរ៕