ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យ ផ្តល់​សញ្ជាតិខ្មែរ ដោយសញ្ជាតូបនីយកម្ម​ជាចង្កោមគ្រួសារ រួមមាន ប្តីប្រពន្ធ​លោក ដាវិស បេន យ៉ូសែប និងកូនស្រី ២នាក់របស់​លោក

ភ្នំពេញ៖ គ្រួសារលោក ជាវិស បេន យ៉ូសែប ដែលមានសមាជិក ៤នាក់ត្រូវបាន ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យ ផ្តល់​សញ្ជាតិខ្មែរ ដោយសញ្ជាតូបនីយកម្ម​ជាចង្កោមគ្រួសារ រួមមាន ប្តីប្រពន្ធ​លោក ដាវិស បេន យ៉ូសែប និងកូនស្រី ២នាក់របស់​លោក។

លោក បេន ​ដែលរស់នៅជាមួយគ្រួសារ និងបានលះបង់កំលាំងកាយ កំលាំងចិត្ត ដើម្បីបុព្វហេតុការពារ និងអភិរក្ស​ធនធានព្រៃឈើ និងសត្វព្រៃ នៅក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក នៅក្នុងខេត្តព្រះវិហារ។ កន្លងមក លោក បេន ទទួលបានការគាំទ្រពីក្រសួងបរិស្ថាន និងមហាជន​ខ្មែរជាច្រើនទៀត ក្នុងការងារថែរក្សា និងការពារ​សម្បត្តិធម្មជាតិ នៅដែនជម្រកសត្វព្រៃភ្នំត្នោត ភ្នំពក ក្នុងខេត្តព្រះវិហារ។

លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានទទួលស្គាល់នូវ​កិច្ចខិតខំប្រឹងប្រែង និងលើកទឹកចិត្តដល់លោក បេន ដេវីស និងក្រុមគ្រួសារ ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិរក្សធនធានធម្មជាតិ ក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា កាលពីខែមករា ឆ្នាំ២០១៩ បានប្រគល់ជូនលោក បេន ដេវីស នូវរថយន្ត១គ្រឿង និងម៉ូតូ ២គ្រឿង សម្រាប់ដើរល្បាត។

តំបន់ដែនជម្រកសត្វព្រៃភ្នំត្នោត ភ្នំពក  មានទំហំផ្ទៃដីសរុប ៤២,០៩៧ហិកតា។ ក្នុងនោះ លោក បេន ដាវីស ជនជាតិអាមេរិកកាំង បានទទួលការអនុញ្ញាតពីក្រសួងបរិស្ថាន គ្រប់គ្រង និងអភិរក្សលើផ្ទៃដីជាង ៧ពាន់ហិកតា ដែលមានសក្តានុពលធនធានធម្មជាតិ និងជីវចម្រុះច្រើនប្រភេទ។

តំបន់អភិរក្សធនធានធម្មជាតិ និងសត្វព្រៃនៅក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក ត្រូវបាន​ក្រសួងបរិស្ថាន ​ផ្តល់កិច្ចសហការ​អភិរក្សដល់គម្រោងប៊ីទ្រី (Be Treed) របស់លោក បេន ដេវីស ជនជាតិអាមេរិក និងបានធ្វើឱ្យក្លាយជាតំបន់​ទេសចរណ៍បែបធម្មជាតិ។

លោក បេន ជនជាតិអាមេរិក និង​ភរិយា ជា​ជនជាតិអូស្ត្រាលី បាន​ចូល​រួម​ការពារ និងអភិរក្សព្រៃឈើ សត្វព្រៃ ជាមួយ​រាជរដ្ឋាភិបាលកម្ពុជា អស់រយៈពេលជាង ២០ឆ្នាំហើយ រហូតបានបង្កើតជាតំបន់អភិរក្សសត្វ និងព្រៃឈើនៅភ្នំត្នោត-ភ្នំពក នៅខេត្តព្រះវិហារ៕

 

 

Leave a Reply

Your email address will not be published. Required fields are marked *