ឯកឧត្តមប្រាក់ សុខុន ក្នុងនាមជាប្រសិតពិសេសរបស់ប្រធានអាស៊ាន ដើម្បីដោះស្រាយបញ្ហានៅមីយ៉ាន់ម៉ា និងប្រេសិតពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ បានប្តេជ្ញារួមគ្នា ដើម្បីសន្តិភាព និងភាពល្អប្រសើរឡើងវិញជូនប្រជាជន និងប្រទេសមីយ៉ាន់ម៉ា

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២នេះ ផេកហ្វេសបុកផ្ទាល់ ឯកឧត្តមប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងថា កាលពីយប់មិញថ្ងៃទី២៨ ឯកឧត្តម ជូនព័ត៌មានតាមប្រព័ន្ធវីឌីអូ ដល់ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិស្តីពីបញ្ហាមីយ៉ាន់ម៉ា រួមជាមួយនឹងលោកស្រីបណ្ឌិត ណូលីន ហេហ្សឺរ ប្រេសិតពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ និងលោក រ៉ាម៉េស រ៉ាចាស៊ីងហេម អ្នកសម្របសម្រួល​រងនៃជំនួយមនុស្សធម៌បន្ទាន់របស់អង្គការសហប្រជាជាតិ។

ឯកឧត្តមប្រាក់ សុខុន ក្នុងនាមជាប្រសិតពិសេសរបស់ប្រធានអាស៊ាន ដើម្បីដោះស្រាយបញ្ហានៅមីយ៉ាន់ម៉ា និងប្រេសិតពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ បានប្តេជ្ញារួមគ្នា ដើម្បីសន្តិភាព និងភាពល្អប្រសើរឡើងវិញជូនប្រជាជន និងប្រទេសមីយ៉ាន់ម៉ា ។ ឯកឧត្តមប្រាក់ សុខុន បានបញ្ជាក់ថា​ « កិច្ចប្រជុំនេះ​គឺមានសារៈសំខាន់​ដល់ការ​កៀរគរ​កិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិក្នុងការជួយមីយ៉ាន់ម៉ាឲ្យវិលមករកជីវភាពធម្មតាវិញ។ ជាថ្មីម្តងទៀត ការងារចម្បងរបស់យើងនាពេលនេះ គឺការបញ្ឈប់អំពើហិង្សា និងការធានា​ឱ្យបានថា​ការផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាពលរដ្ឋមីយ៉ាន់ម៉ា នឹងមានលក្ខណៈបរិយាប័ន្ន និង​គ្មានការ​រារាំង» ឯកឧត្តមប្រាក់ សុខុន បានលើកឡើងថា ​ការដែលកម្ពុជាទៅកាន់ប្រទេសនេះ​យ៉ាង​ប្រថុយប្រថាន គឺចង់បង្ហាញឱ្យឃើញពីគោលបំណងរបស់កម្ពុជា ក្នុងការរួមចំណែកកសាងសន្តិភាពនៅមីយ៉ាន់ម៉ា ដែលនឹង​ទាមទារ​ការ​បង្កើន​ទំនុកចិត្តទៅវិញទៅមក។ យ៉ាងណាក៏ដោយឯកឧត្តមប្រាក់ សុខុន បានបញ្ជាក់ជាថ្មីម្តងទៀតថា ដំណើរការសន្តិភាព​នៅ​ប្រទេសមីយ៉ាន់ម៉ានេះ ត្រូវតែដឹកនាំដោយមីយ៉ាន់ម៉ាខ្លួនឯង​ ខណៈក្នុងនាមជាប្រធានអាស៊ាន កម្ពុជា​នឹងប្រឹងប្រែង​សម្របសម្រួលដំណើរការនេះប៉ុន្តែជាក់ស្តែង ការគាំទ្រក្នុង​លក្ខណៈស្ថាបនា​ពី​គ្រួសារ​អាស៊ាន ​និងដៃគូរបស់យើង​ ព្រម​ទាំងតួអង្គពាក់ព័ន្ធទាំងអស់ពិតជាមានសារៈសំខាន់ណាស់៕

 

Leave a Reply

Your email address will not be published. Required fields are marked *