ភ្នំពេញៈ យប់ថ្ងៃសុក្រ ទី២១ ខែមករា ឆ្នាំ២០២២ នៅវេលាម៉ោង ១០:៥០ នាទី ម៉ូតូពីរគ្រឿងបានបុកគ្នាពេញទំហឹង បណ្តាលយុវជនម្នាក់ បានស្លាប់ភ្លាមៗ នៅនឹងកន្លែង និង ពីរនាក់ទៀត រងរបួសធ្ងន់ ហេតុការណ៍បានកើតឡើង នៅតាមបណ្តោយផ្លូវ៣៦៩ ស្ថិតក្នុងភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ ប្រាប់អោយដឹងថា យុវជន ពីរនាក់ ជិះម៉ូតូហុងដាឌ្រីម បិតស្គុតខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1X.3407 ឌុបគ្នា តាមបណ្ដោយ ផ្លូវ៣៦៩ ខណៈមកដល់ ចំណុចកើតហេតុខាងលើ បានវ៉ារថយន្ត មួយគ្រឿងទៀត ក៏ទៅប៉ះនឹងកញ្ចក់ ចំហៀងរថយន្តទើបជ្រុលទៅបុក ម៉ូតូហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២២ ពាក់ស្លាក លេខ ភ្នំពេញ 1JD.3637 ជិះតែម្នាក់ឯង តាមបណ្តោយផ្លូវ៣៦៩ ក្នុងទិសដៅ ពីខាងត្បូង ទៅខាងជើង បញ្ច្រាសទិសគ្នា ពេញទំហឹង បណ្ដាលបុរសដែលជិះម៉ូតូ ម្នាក់ឯង ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ ចំណែកយុវជន ពីរនាក់ទៀត ដែលជិះវ៉ានោះ បានរងរបួសធ្ងន់ ភ្លាមៗនោះ ត្រូវបានរថយន្តសង្គ្រោះ ដឹកទៅមន្ទីរពេទ្យ ផងដែរ។
សមត្ថកិច្ច បានបន្តថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ ដាំង ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើការរោងចក្រ មានស្រុកកំណើត នៅខេត្ត ពោធិ៍សាត់៕