ព្រឹកថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២២ ក្នុងជំនួបតាមទូរស័ព្ទ ជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម យូកូ វីដូដូ បានកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ក្នុងការជំរុញការងារដែលសម្ដេចបានទៅទស្សនកិច្ចនៅមីយ៉ាន់ម៉ា។ ឯកឧត្តម បានបន្តថា ពាក់ព័ន្ធនឹងការធ្វើយ៉ាងណា ឱ្យមានការរីកចម្រើន នូវការអនុវត្តផែនការ ៥ចំណុចដែលបានឯកភាពជាឯកច្ឆន្ទនេះ។
ឯកឧត្តមក៏ស្នើសុំ និងឯកភាពផងដែរ ធ្វើយ៉ាងម៉េចរកដំណោះស្រាយទាំងអស់នេះ គឺត្រូវមានការចូលរួមដោយភាគីទាំងអស់ ដូចដែលសម្ដេចធ្លាប់លើកមកហើយ គឺថាការបង្រួបបង្រួមជាតិ រកដំណោះស្រាយ ត្រូវតែមានការចូលរួមពីភាគីទាំងអស់ ដំណោះស្រាយនយោបាយនេះ គឺជាមធ្យោបាយដែលអាចទទួលយកដោយភាគីទាំងអស់។
ឯកឧត្តមប្រធានាធិបតីឥណ្ឌូនេស៊ី មានប្រសាសន៍បន្តែមថា ឥណ្ឌូនេស៊ីពិតជាគាំទ្រដល់ប្រេសិតពិសេសរបស់ប្រធានអាស៊ាន ក្នុងការជំរុញការងារនេះ។ ឯកឧត្តមប្រធានាធិបតីឥណ្ឌូនេស៊ី ក៏បានអរគុណសម្ដេចនូវកិច្ចសន្ទនាដែលមានសារៈសំខាន់នេះ ឯកឧត្តមសង្ឃឹមថា យើងនឹងស្វែងរកនូវដំណោះស្រាយបញ្ហានៅមីយ៉ាន់ម៉ានេះ នៅពេលខាងមុខ ។
សម្តេចតេជោ បានថ្លែងនូវការអរគុណឯកឧត្តមប្រធានាធិបតី ឥណ្ឌូនេស៊ី ចំពោះកិច្ចពិភាក្សានេះផងដែរ។
សម្ដេចបានគូសបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ អាស៊ាន ពិតជាមានការងារធ្វើច្រើនណាស់ នៅក្នុងអាស៊ានហើយយើងទាំងអស់គ្នានៅក្នុងអាស៊ាន ក៏មិនត្រូវក្លាយជាចំណាប់ខ្មាំងនៃប្រទេសមីយ៉ាន់ម៉ាផងដែរ យើងត្រូវតែខិតខំជំរុញធ្វើយ៉ាងណា បោះជំហានទៅមុខ ដើម្បីជំរុញការងាររបស់យើង។ ដូច្នេះហើយយើងនឹងឱ្យរដ្ឋមន្ត្រីការបរទេសរបស់យើង ជួបពិភាក្សាគ្នានៅពេលខាងមុខនេះ ៕