(បាងកក)៖ បើយោងតាមកាសែត(បាងកកប៉ុស្តិ៍)បានចុះផ្សាយ គម្រោងពង្រីកព្រលានយន្តហោះសុវណ្ណភូមិតម្លៃ ៧,៨ប៊ីលានបាត (ប្រហែល ២៣៦លានដុល្លារ) រំពឹងថានឹងចាប់ផ្តើមនៅខែកក្កដា ឆ្នាំនេះ ដោយមានការដាក់ដេញថ្លៃដើម្បីជ្រើសរើសក្រុមហ៊ុនម៉ៅការសាងសង់។
រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថៃ លោក Saksayam Chidchob បានឱ្យដឹងថា គម្រោងនេះត្រូវបានអនុម័តរួចហើយដោយគណៈរដ្ឋមន្ត្រីថៃ ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Airports of Thailand (AoT ) និងគណៈកម្ម ពង្រឹងសមត្ថភាពព្រលានយន្តហោះសុវណ្ណភូមិរបស់រដ្ឋាភិបាលថៃ។ លោករដ្ឋមន្ត្រី បានបន្តថា គម្រោងនេះមានឈ្មោះថា គម្រោងពង្រីកភាគខាងកើត ដែលនិងប្រើពេលវេលា ២ឆ្នាំ ៥ខែ ដើម្បីបញ្ចប់ការសាងសង់។ ព្រលានយន្តហោះសុវណ្ណភូមិនឹងមានសមត្ថភាពទទួលអ្នកដំណើរបានរហូតដល់ ៦៥លាននាក់ក្នុងមួយឆ្នាំ ដែលកើនឡើងពី ៤៥លាននាក់ក្នុងមួយឆ្នាំនាពេលបច្ចុប្បន្ន ពោលគឺមានកំណើន ៤៤% ស្របតាមចំនួនអ្នកដំណើរដែលត្រូវបានព្យាករថានឹងប្រើប្រាស់ព្រលានយន្តហោះសុវណ្ណភូមិនៅឆ្នាំនោះ៕