បន្ទាប់ពីបានបើកសវនាការអស់រយៈពេល១ព្រឹក សាលាដំបូងរាជធានីភ្នំពេញ ក៏បានប្រកាសបន្តសវនាការជំនុំជម្រះលើសំណុំរឿង លោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្រ្គោះជាតិ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ បន្តទៀត

(ភ្នំពេញ)៖ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២នេះ បន្ទាប់ពីបានបើកសវនាការអស់រយៈពេល១ព្រឹក សាលាដំបូងរាជធានីភ្នំពេញ ក៏បានប្រកាសបន្តសវនាការជំនុំជម្រះលើសំណុំរឿង លោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្រ្គោះជាតិ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ បន្តទៀត។

នៅក្នុងសវនាការព្រឹកមិញនេះ មានសមាសភាពក្រុមប្រឹក្សាជំនុំជម្រះដូចជា លោក កូយ សៅ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ, លោក សេង លាង ចៅក្រមប្រឹក្សា, លោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមប្រឹក្សា ហើយមានលោក ប្លង់ សុផល ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ជាតំណាងអយ្យការសវនាការ។ លោក កឹម សុខា ដែលជាជនជាប់ចោទក៏បានបង្ហាញខ្លួននៅក្នុងសវនាការផងដែរ ចំណែកភាគីខាងបណ្តឹងរដ្ឋប្បវេណី គឺ លោក គី តិច ប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន។ សវនាការត្រូវបានឃ្លាំមើលដោយតំណាងទូត អង្គការជាតិ និងអន្តរជាតិ សកម្មជន និងអ្នកសារព័ត៌មានផងដែរ។

លោក គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល បានឱ្យដឹងថា នៅក្នុងសវនាការនេះ ប្រធានក្រុមជំនុំជម្រះ បានបង្ហាញអំពីមូលហេតុ ដែលនាំឱ្យ មានការពន្យារពេលសវនាការលើ លោក កឹម សុខា រយៈពេលជាង១ឆ្នាំមកនេះ ដោយសារតែការរាតត្បាតនៃជំងឺកូវីដ១៩។ ដោយឡែក លោក កឹម សុខា មិនបានជំទាស់ជំពោះការពន្យារពេលនេះទេ គឺលោកបានគាំទ្រចំពោះចំណាត់ការរបស់ រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ទទួលបានជោគជ័យរហូតដល់ពេលនេះ។ លោក គី តិច បានបន្តថា ការលើកឡើងរបស់ លោក កឹម សុខា នៅក្នុងសវនាការបន្តទៀត គឺលោកមានការស្នើឱ្យតុលាការ ពន្លឿនរឿងក្តីរបស់លោកឱ្យបានឆាប់ចប់។ លោក គី តិច បានបន្តថាអ្វីដែលលើកឡើងដោយ លោក កឹម សុខា គឺមិនមានជំទាស់ធ្ងន់ធ្ងរនោះទេ ប៉ុន្តែខាងតំណាងអយ្យការ និងមេធាវីដើមបណ្តឹង បានលើកឡើងថា ការចង់ឱ្យដំណើរការលឿននេះ គឺត្រូវតែលឿនតាមនីតិវិធីច្បាប់។

សូមជម្រាបថា នៅព្រឹកមិញនេះ ជាសវនាការលើបណ្តឹងរដ្ឋប្បវេណី ដែលមេធាវីរាជរដ្ឋាភិបាល បានប្តឹងដើម្បីទាមទារសំណងការខូចខាត ដែលបណ្តាលមកពីបទល្មើសសន្ទិដ្ឋិភាពជាមួយបរទេសរបស់ លោក កឹម សុខា។ នៅមុនពេលផ្អាកសវនាការនេះ តុលាការក៏បានចាក់វីដេអូរបស់ លោក កឹម សុខា ដែលនាំឱ្យមានការចោទប្រកាន់ក្នុងសំណុំរឿងនេះផងដែរ។

លោក កឹម សុខា ធ្លាប់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើ «ក្បត់ជាតិ» ឃុបឃិតជាមួយបរទេស ផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ ហើយត្រូវបានឃុំខ្លួន នៅក្នុងពន្ធនាគារ ត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ រយៈពេលជាង១ឆ្នាំ ទើបដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យ បន្ទាប់ពីបែកធ្លាយវីដេអូមួយដែលលោកនិយាយថា លោកអនុវត្តតាមការណែនាំពីបរទេស ដើម្បីធ្វើការផ្លាស់ប្តូរប្រទេសកម្ពុជា ដោយយកលំនាំតាមប្រទេសយូហ្គោស្លាវី និងប្រទេសស៊ែប៊ី។

លាការបានចោទប្រកាន់ លោក កឹម សុខា ពីបទ «សន្ទិដ្ឋិភាពជាមួយបរទេស»។ ចំណែកគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការកំពូលកាត់ទោសរំលាយ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។ ជាមួយគ្នានេះ អតីតថ្នាក់ដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិសរុប ១១៨នាក់ ដោយក្នុងនោះមានទាំង លោក កឹម សុខា ផងដែរ ត្រូវបានតុលាការកំពូលហាមឃាត់សិទ្ធិធ្វើនយោបាយរយៈពេល៥ឆ្នាំ៕

Leave a Reply

Your email address will not be published. Required fields are marked *