បាត់ដំបង៖ មនុស្ស៩នាក់ក្នុងខេត្តបាត់ដំបង ដែលបានពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលជាមួយអ្នកទេសចរជនជាតិស្វីស២នាក់ ដែលវិជ្ជមានជំងឺកូវីដ១៩ បំប្លែងថ្មីប្រភេទអូមីក្រុង ក្នុងនោះរកឃើញវិជ្ជមានDeltaម្នាក់ និង៨នាក់ទៀតអវិជ្ជមាន។
លោក វឿង ប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង បានអោយដឹងថាបន្ទាប់ពីអ្នកទេសចរជនជាតិស្វីស២នាក់ ឆ្លងអូមីក្រុង មន្រ្តីសុខាភិបាល បានចុះស្រាវជ្រាវ និងធ្វើសំណាកលើអ្នកពាក់ព័ន្ធទាំងអស់ចំនួន ៩នាក់ កាលពីយប់ថ្ងៃទី ១១ខែមករាឆ្នាំ២០២២ ជាលទ្ធផលដែលទទួលបានពីវិទ្យាស្ថានប៉ាស្ទ័របង្ហាញថា មានម្នាក់ឆ្លងជំងឺកូវីដ១៩បំប្លែងថ្មីប្រភេទDelta និង៨នាក់ទៀតអវិជ្ជមានត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័ក និងបន្តតាមដានសុខភាព។ អ្នកឆ្លងជំងឺកូវីដ១៩បំប្លែងថ្មីDeltaម្នាក់នោះ មានស្ថានភាពសុខភាពល្អប្រសើរ និងជិតជាសះស្បើយឡើយវិញហើយ ។ ខណៈ អ្នកទេសចរជនជាតិស្វីស២នាក់ ដែលបានស្នាក់នៅ និងធ្វើដំណើរកម្សាន្តនៅខេត្តបាត់ដំបង ត្រូវបានរកឃើញឆ្លងមេរោគកូវីដ១៩បំប្លែងថ្មី ប្រភេទអូមីក្រុង ត្រូវបានដាក់ឱ្យសម្រាកព្យាបាល នៅមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន(បន្ទប់លេខ ICU)ផងដែរ៕