ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន​ សែន​ ៖ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ៥ ពីខេត្តបាត់ដំបង ទៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រួមជាមួយឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ៥ ពីខេត្តបាត់ដំបង ទៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ។

ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន​ សែន​ ៖

១- សម្តេចតេជោ ហ៊ុន សែន បានរំលឹកពីគ្រាទឹកជំនន់នៅខេត្តបន្ទាយមានជ័យ និងការឆ្លងរីករាលដាលជំងឹកូវីដ-១៩ ដែលធ្វើឲ្យកម្ពុជារងភាពលំបាក តែវឌ្ឍនភាពកម្ពុជានៅតែបន្តឥតឈប់ឈរ។

២- សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ជប៉ុនបានជួយកម្ពុជា ក្នុងការស្ថាបនាផ្លូវខ្សែក្រវ៉ាត់យុទ្ធសាស្ត្រ និងការតភ្ជាប់នៅក្នុងតំបន់ ដែលមានប្រវែងវែង និងប្រកបដោយគុណភាពខ្ពស់សម្រាប់កម្ពុជា។

៣- សម្តេចតេជោ ហ៊ុន សែន ប្រកាសថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលតែងបានជួយដល់កម្ពុជា ក្នុងការស្តារនិងអភិវឌ្ឍន៍កម្ពុជា និងវឌ្ឍនភាព ដែលមិនអាចកាត់ថ្លៃបាន។

៤- សម្តេចតេជោ ហ៊ុន សែន បានរំលឹកពីការស្វែងរកសន្តិភាពនៅកម្ពុជា ដែលជប៉ុនបានដើរតួនាទីយ៉ាងសំខាន់សម្រាប់ការជួយឧបត្ថម្ភគាំទ្រ និងកិច្ចសម្របសម្រួលដើម្បីឲ្យគ្រប់ភាគីចូលតុចរចា។

៥- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា មេរោគកូវីដ១៩បំប្លែងថ្មី ប្រភេទអូមីក្រុង បានឆ្លងចូលសហគមន៍ចំនួន៤ករណីហើយ កាលពីថ្ងៃទី៨ ខែមករា មានចំនួន១ករណី និងថ្ងៃទី៩ ខែមករាម្សិលមិញ ចំនួន៣ករណី។

៦- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ទីតាំងដែលកំពុងរៀបចំសម្ពោធដាក់ឲ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៥ (បាត់ដំបង-សិរិសោភ័ណ)នាពេលនេះ គឺជាអតីតតំបន់សមរភូមិក្តៅ ដែលជាអតីតសង្គ្រាមសម្លាប់ខ្មែរគ្នាឯង។

៧- សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ក្នុងចិត្ត និងគោលគំនិតរបស់សម្តេច គឺមិនអាចយកសង្គ្រាមដើម្បីបញ្ចប់សង្គ្រាមបានឡើយ មានតែការចូលតុចរចាគ្នាតែប៉ុណ្ណោះ ដែលយើងអាចបញ្ចប់សង្គ្រាម និងស្វែងរកសុខសន្តិភាពបាន។

៨- សម្តេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា តំបន់ដែលធ្លាប់ជាសមរភូមិក្តៅបំផុតនោះ បច្ចុប្បន្នបានក្លាយទៅជាតំបន់ទីផ្សារ និងការអភិវឌ្ឍ ខណៈតាមតំបន់ព្រំដែនជាមួយនឹងប្រទេសជិតខាង បានក្លាយជាព្រំដែនសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ។

៩- សម្តេចតេជោ ហ៊ុន សែន ប្រកាសថ្លែងអំណរគុណដល់ប្រជាពលរដ្ឋកម្ពុជា ដែលគោរពតាមការសម្រេចចិត្ត និងការអំពាវនាវរបស់រាជរដ្ឋាភិបាល តាមរយៈការទទួលយកវ៉ាក់សាំងកូវីដ-១៩ និងវិធានការការពារការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ។

១០- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាអោយទិញវ៉ាក់សាំងកូវីដ១៩ ចំនួន៥លានដូសបន្ថែមទៀត ដើម្បីចាក់ដូសជំរុញជូនប្រជាពលរដ្ឋ ។

១១- សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យពន្លឿនក្នុងការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញឲ្យបានលឿនបំផុត ដែលអាចធ្វើទៅបាន ខណៈដែលមេរោគកូវីដ១៩បំប្លែងថ្មីប្រភេទអូមីក្រុងបានឈានចូលក្នុងសហគមន៍ហើយ។

១២- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ចលនាទេសចរណ៍ផ្ទៃក្នុង ដើម្បីអបអរសាទរទិវាអនុស្សាវរីយ៍ជ័យជំនះ៧មករា ប៉ុន្មានថ្ងៃមកនេះ មានតួលេខរង្វង់ជាង ៤០ម៉ឺននាក់ ក្រោយពេលដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ មានកំណើនខ្ពស់ ហើយករណីឆ្លងរីករាលដាលកូវីដ-១៩ ក៏មានការថមថយផងដែរ។

១៣- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ខាងមុខនេះ សម្តេច និងភរិយា នឹងចាក់វ៉ាក់សាំងកូវីដ១៩ដូសជំរុញ ឬដូសទី៤ មុននឹងសម្តេចធ្វើដំណើរទៅឌូបៃ។

១៤- សម្តេចតេជោ ហ៊ុន សែន ប្រកាសថ្លែងអំណរគុណដល់ជប៉ុន ដែលបានគាំទ្របេសកកម្មសម្តច និងគណៈប្រតិភូកម្ពុជា នៅសហភាពមីយ៉ាន់ម៉ា ដែលជាបេសកកម្មជួយសម្របសម្រួលមីយ៉ាន់ម៉ា ស្វែងរកបទឈប់បាញ់ ការបើកច្រកទទួលជំនួយមនុស្សធម៌សង្គ្រោះបន្ទាន់ និងបើកផ្លូវឲ្យប្រេសិតពិសេសអាស៊ានចូលប្រទេសមីយ៉ាន់ម៉ា ជួបគ្រប់ភាគីវិវាទ ដើម្បីបញ្ចប់សង្គ្រាម ឆ្ពោះទៅរកសុខសន្តិភាព។

១៥- សម្តេចតេជោបញ្ជាក់ជាថ្មីថា គម្ពីរចំនួន២ ដែលសម្តេចយកទៅចរចាជាមួយមីយ៉ាន់ម៉ាកន្លងទៅគឺ កុងសង់ស៊ីស៥ចំនុចរបស់អាស៊ាន និង ធម្មនុញ្ញអាស៊ាន ខណៈគោលបំណងសំខាន់៣យ៉ាងគឺ ទី១. បទឈប់បាញ់ , ទី២. ការផ្តល់ជំនួយ និងទី៣ ការសន្ទនា។

១៦- សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា អាស៊ាននឹងរួមគ្នា ដើម្បីជួយសម្របសម្រួលស្វែងរកសន្តិភាពនៅមីយ៉ាន់ម៉ា ហើយបញ្ហាមីយ៉ាន់ម៉ា គឺមិនអាចបញ្ចប់ក្នុងអាណត្តិកម្ពុជាជាប្រធានអាស៊ានឡើយ ព្រោះបញ្ហានេះនៅវែងឆ្ងាយណាស់។

១៧-សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានចោទសួរទៅក្រុមជ្រុលនិយមទាំងជនជាតិមីយ៉ាន់ម៉ា និងខ្មែរមួយចំនួនតូច ដែលជេរសម្តេចក្នុងកិច្ចការស្វែងរកសន្តិភាព និងពិភាក្សាជាមួយថ្នាក់ដឹកនាំមីយ៉ាន់ម៉ាថា តើពួកអ្នកទាំងនោះគាំទ្រឲ្យមានការឈប់បាញ់គ្នា ឬគាំទ្រឲ្យមានការបាញ់គ្នាបន្តទៀត នៅប្រទេសដែលជាសមាជិកអាស៊ានមួយនេះ។

១៨- សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា អ្នកដែលមិនចង់ឲ្យមីយ៉ានម៉ាសម្របសម្រួលគ្នា គឺមានន័យថា អ្នកនោះ ចង់ឲ្យមីយ៉ាន់ម៉ាមានសង្គ្រាមកាប់សម្លាប់គ្នា។

១៩- សម្តចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បើអ្នកឯងមិនចង់ឲ្យមីយ៉ានម៉ាសម្របសម្រួលគ្នា គឺមានន័យថា អ្នកឯងចង់ឲ្យមីយ៉ាន់ម៉ាមានសង្គ្រាមកាប់សម្លាប់គ្នា។

២០- សម្តេចតេជោ ហ៊ុន សែន ប្រកាសបង្វែរជំនួយវ៉ាក់សាំងកូវីដ-១៩ ចំណែកកម្ពុជា ក្នុងក្របខណ្ឌងអាស៊ានទៅឲ្យសហភាពមីយ៉ាន់ម៉ា ព្រោះកម្ពុជាមានវ៉ាក់សាំងច្រើន ហើយប្រជាពលរដ្ឋកម្ពុជាក៏បានទទួលវ៉ាក់សាំងច្រើនដូសហើយដែរ។

២១-សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអះអាងថា ក្នុងដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់ប្រទេសមីយ៉ាន់ម៉ា សម្តេចសម្រេចបានការចរចារឲ្យមីយ៉ាន់ម៉ាធ្វើការអត់ធ្មត់បាន ហើយថែមទាំងជួយបានឲ្យប្រទេសនេះពន្យាពេលក្នុងការឈប់បាញ់គ្នាផងដែរ។

២២-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចនឹងទៅចូលរួមសួរសុខទុក្ខយោធាជប៉ុន ដល់នាវាចម្បាំងជប៉ុនតែម្តង ខណៈដែលនាវានេះនឹងចូលមកសំចតនៅនកំពង់ផែក្រុងព្រះសីហនុ នាពេលខាងមុខនេះ។

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *