ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់ នឹងអញ្ជើញវិលត្រឡប់មកដល់ព្រះរាជាណាចក្រកម្ពុជា វិញនៅវេលាម៉ោងជាង ១១ព្រឹកថ្ងៃទី៨ ខែមករានេះ បន្ទាប់ពីបំពេញទស្សនកិច្ចការងារទៅកាន់ប្រទេសមីយ៉ាន់ម៉ារយៈពេល២ ថ្ងៃប្រកបដោយលទ្ធផលល្អជាវិជ្ជមាន ។
លោក ប្រាក់ សុខុម ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនឹងធ្វើសន្និសីទកាសែតស្តីអំពីលទ្ធផលនៃដំណើរទស្សនកិច្ចការងាររបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជានៅសហភាពមីយ៉ាន់ម៉ា ។
នៅក្នុងសេចក្តីប្រកាសព័ត៌មានរួម នៅទីក្រុងណែពិដោរ ប្រទេសមីយ៉ាន់ម៉ា កាលពីយប់ថ្ងៃទី៧ ខែមករា២០២២ ជំនួបរវាងប្រមុខរាជរដ្ឋាភិបាលកម្ពុជានិងជាប្រមុខអាស៊ានជាមួយលោក មីន អោង ឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃសហភាពមីយ៉ាន់ម៉ាបានបង្ហាញនូវចំណុចសំខាន់២ដែលបានព្រម ព្រៀងទាក់ទងនឹងវិបត្តិនៅមីយ៉ាន់ម៉ា ។ មេដឹកនាំយោធាលោក មីន អោងឡាំង បានប្រកាសថាកងទ័ពនឹងពន្យារការអនុវត្តបទឈប់បាញ់ជាមួយអង្គការប្រដាប់អាវុធ ជនជាតិភាគតិចទាំងអស់រហូតដល់ចុងឆ្នាំ២០២២ ។ ក្នុងន័យនេះមេដឹកនាំរដ្ឋបាលរដ្ឋនៃប្រទេសមីយ៉ាន់ម៉ាបាននិយាយស្វាគមការចូលរួមរបស់ប្រេសិតថ្មីពិសេសរបស់ប្រធានអាស៊ាននៅក្នុងកិច្ចពិភាក្សាស្តីពីបទឈប់បាញ់ជាមួយក្រុមប្រដាប់អាវុធជនជាតិភាគតិចនិងព្រមព្រៀងគ្នាផងដែរឲ្យមានកិច្ចប្រជុំរវាងភាគីពាក់ព័ន្ធដើម្បីបើកផ្លូវនាំជំនួយមនុស្សធម៌ដល់ប្រជាជនមីយ៉ាន់ម៉ា។
លោក មីន អោងឡាំង ក៏បានថ្លែងផងដែរថានឹងផ្តល់ការគាំទ្រដល់ប្រេសិតថ្មីរបស់ប្រធានអាស៊ានដើម្បីអាចបំពេញតួនាទីរបស់ខ្លួន ក្នុងការអនុវត្តកុងសង់ស៊ីស ៥ចំណុចរបស់អាស៊ានដើម្បីដោះស្រាយវិបត្តនៅមីយ៉ាន់ម៉ា ។ នៅរាត្រីថ្ងៃទី៧ ខែមករា ឆ្នាំ២០២១នាយឧត្តមសេនីយ៍ មីន អោងឡាំង (Min Aung Hlaing)ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃសហភាពមីយ៉ាន់ម៉ាបាន រៀបចំពិធីលៀងសាយភោជន៏ជាមហាកិត្តិយសជូនសម្តេចតេជោហ៊ុនសែនក្នុងដំណើរអញ្ជើញបំពេញទស្សនកិច្ចការងារមកកាន់មីយ៉ាន់ម៉ា ។ ជាមួយគ្នានេះភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងមិត្ត ភាពដែលមានស្រាប់រវាងប្រជាជនទាំងពីរជាពិសេសក្នុងបរិបទនៃវិបត្តិសុខភាពពិភពលោក។
នាយឧត្តមសេនីយ៍ មីន អោងឡាំង បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្តេចតេជោ នាយករដ្ឋមន្រ្តីនិងរាជរដ្ឋាភិបាលនិងប្រជា ជនកម្ពុជាដែលបានផ្តល់ជំនួយសម្ភារៈបរិក្ខាវេជ្ជសាស្រ្តដើម្បីជួយដល់ប្រទេសមីយ៉ាន់ម៉ាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ ១៩ផងដែរ ៕