មណ្ឌលគិរី ៖ គិតមកដល់ថ្ងៃនេះ ករណីពលរដ្ឋ១២នាក់តំណាងឲ្យសហគមន៍ជនជាតិដើមព្នងប្តឹងលោកស្រីទ្រីដាណា ទាមទារសងជំងឺចិត្ត២០មឺុន ដុល្លារនោះ មិនទាន់មានការឆ្លើយតបពីតំណាងឬមេធាវីរបស់លោកស្រី ទ្រី ដាណានៅឡើយទេ។
ថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ ពលរដ្ឋ១៥នាក់ បានបន្តដាក់ពាក្យបណ្តឹងចូលទៅស្នងការដ្ឋាននគរបាលខេត្ត មណ្ឌលគិរី១ទៀត ដោយប្តឹងគណនីហ្វេសបុកចំនួន២ថែមទៀត ក្នុងពាក្យបណ្តឹងនោះគេឃើញថា តំណាងពលរដ្ឋក្នុងសហគមន៍ជនជាតិដើមបានប្តឹងម្ចាស់ហ្វេសបុកឈ្មោះReam Socheataនិងហ្វេសបុកឈ្មោះព្រហ្ម ស៊ីណែតនិងបក្សពួក ពីបទជេរប្រមាថមើលងាយជាសាធារណះនិងញុះញង់ឲ្យមានការរើសអើង ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី៣ខែមករា។
សហគមន៍ជនជាតិដើម បានប្រាប់ថា ការប្តឹងលើកនេះ ពុំបានទាមទារជំងឺចិត្តជាប្រាក់កាសនោះទេ តែពួកគាត់ទាមទារឲ្យមានការផ្តន្ទាទោសជនខាងលើនិងបក្ខពួកទៅតាមផ្លូវច្បាប់ រួមទាំងអោយសូមទោសជាសាធារណៈដល់ជនជាតិដើមព្នង៕