(បាងកកប៉ុស្តិ៍)៖ លោកថាក់ស៊ីន ស៊ីណាវ៉ាត អតីតនាយករដ្ឋមន្ត្រីថៃ បានប្រកាសថា បញ្ចប់ការនិរទេសខ្លួនហើយវិលចូលប្រទេសថៃវិញនាពេលឆាប់ៗនេះ។
លោកថាក់ស៊ីន ស៊ីណាវ៉ាត អតីតមេដឹកនាំប្រទេសថៃ បានបង្ហាញភាពភ្ញាក់ផ្អើលមួយក្នុងកម្មវិធីជជែកកម្សាន្តកាលពីយប់ថ្ងៃអង្គារ លោកបាននិយាយថា សេដ្ឋកិច្ចថៃនឹងជួបវិបត្តិ នៅឆ្នាំ២០២២នេះ។ លោកក៏បានអំពាវនាវ អោយពលរដ្ឋថៃមានការអត់ធ្មត់ និងធ្វើការត្រៀមខ្លួន។
លោកបាននិយាយថា ខ្ញុំមានបំណងវិលទៅស្រុកដើម្បីជួយ និងមើលថែកូនចៅរបស់ខ្ញុំ សំរាប់ពេវេលា ដែលនៅសេសសល់ចុងក្រោយរបស់ខ្ញុំ។ មិនថាអ្នកកាន់អំណាច ជានរណាទេ បើចង់អោយខ្ញុំជួយ ខ្ញុំត្រៀមខ្លួនជួយដោះស្រាយបញ្ហា គ្រប់យ៉ាងដោយមិនយកប្រាក់ឈ្នួល។
លោកបានបន្តថា «ខ្ញុំសូមនិយាយថា ការវិលចូលប្រទេសរបស់ខ្ញុំនឹងមិនជាបញ្ហាទេ សំរាប់ប្រជាជនថៃ មានតែផ្តល់ប្រយោជន៍។ខ្ញុំសង្ឃឹមថា ឆ្នាំ២០២២ ជាកាដូមួយចំពោះប្រជាជនថៃ …វិលចូលស្រុកនិងបំរើប្រជាជនថៃ»។ លោកនឹងអោយកូនស្រីពៅរបស់លោកដឹងថា ពេលណាលោកវិលចូលស្រុកវិញលោកនឹងលេងកូនគោលជាមួយនាយករដ្ឋមន្ត្រីបច្ចុប្បន្ន ប្រាយុទ្ធ ចាន់ អូចាថែមទៀត។
សូមបញ្ចាក់ផងដែរថា លោកស្រី ភែថងតាន ដែលជាកូនស្រីលោក ថាក់ស៊ីន បានចូលរួមក្នុងគណបក្សប្រឆាំងភឿថៃជាផ្លូវការកាលពីខែតុលាឆ្នាំមុនក្នុងនាមជាប្រធានទីប្រឹក្សាគណៈកម្មាធិការមួយ។លោកស្រីត្រូវគេរំពឹងថានឹងក្លាយជាបេក្ខជននាយករដ្ឋមន្ត្រីនៅពេលអនាគតផងដែរ៕